ឡាន Tesla ធ្វើនៅចិន លក់បានច្រើនជាងមុនជិតបីដង កាលពីខែសីហា

[ទីផ្សារបរទេស] ក្រុមហ៊ុន Tesla បានបង្កើនការលក់​រថយន្តដែល​ផលិតនៅ​ប្រទេសចិនបានជិតបីដង កាលពីខែសីហាកន្លងទៅ ក្រោយពីមានការ​បង្កើនការផលិតនៅរោងចក្រក្នុងទីក្រុងសៀងហៃរបស់ខ្លួន។

សមាគមន៍រថយន្តចិនបានបង្ហាញថា Tesla បានលក់រថយន្តដែលផលិតនៅចិនបានសរុប ៧៦ ៩៦៥គ្រឿង ក្នុងខែសីហា និងបាន​នាំ​​រថយន្ត Model 3 ជាមួយ Model Y ចំនួន ៤២ ៤៦៣គ្រឿង ​ចេញ​ទៅទីផ្សារបរទេសផងដែរ។ តួលេខនេះមានការ​កើន​ឡើង បើ​ធៀបនឹងចំនួន ២៨ ៧១៧គ្រឿង និងចំនួននាំចេញ ១៩ ៧៥៦គ្រឿង ដែលទទួលបានកាលពីខែកក្កដា។

ពាណិជ្ជកម្ម

តាមរយៈការបង្កើនការផលិតនៅសៀងហៃ Tesla អាចកាត់បន្ថយរយៈពេលរង់ចាំសម្រាប់ការដឹកជញ្ជូនរថយន្ត​ជូន​អតិថិជននៅ​ប្រទេស​ចិន​បាន​រហូតដល់ ១៤សប្ដាហ៍ជាអតិបរមា។ អតិថិជនដែលចាប់អារម្មណ៍ចង់ប្រើរថយន្ត Model Y ប៉ុងក្រោយ អាច​ទទួល​បាន​រថយន្ត​១ខែក្រោយពីការទម្លាក់ការកុម្ម៉ង់។

គួរដឹងថាទីផ្សាររថយន្តចិនជារួម មានសន្ទុះកើនឡើងខ្លាំងកាលពីខែសីហា ដោយមាន​រថយន្តលក់​ចេញ​សរុប ១,៩​លាន​គ្រឿង កើនឡើង ២៨,៤% ធៀបនឹងឆ្នាំ២០២១ ក៏ដោយសារការ​ផ្ដល់​ការអនុគ្រោះលើការយកពន្ធ។ ក្នុងនោះដែរ រថយន្តអគ្គិសនីមានចំណែក ២៨% នៃការលក់ ហើយ​រថយន្តដែលនាំចេញទៅក្រៅប្រទេសមានការកើនឡើង ៧៧,៥% ធៀបនឹងខែកក្កដា៕

Sponsored