តម្រូវការឡានអគ្គិសនី Cadillac Celestiq មានច្រើនលើសពីទំហំផលិត

[ទីផ្សារបរទេស] រថយន្ត Cadillac Celestiq គឺជាផលិតផលតម្លៃថ្លៃថ្មីមួយរបស់ម៉ាក Cadillac ដែលនឹងចូលរោងចក្រផលិតនៅឆ្នាំ២០២៣ខាងមុខ ជាមួយតម្លៃលក់ចាប់ពី ៣០ម៉ឺនដុល្លារ។ ត្បិតថាតម្លៃថ្លៃ ប៉ុន្តែតម្រូវការសម្រាប់រថយន្តនេះមានខ្លាំងក្លាមែនទែន។

ប្រធានវិស្វកម្មនៃរថយន្ត Celestiq ឈ្មោះ Tony Roma បានឲ្យបញ្ជាក់ឲ្យដឹងថាតម្រូវការនៃរថយន្តអគ្គិសនីប្រណីតនេះគឺមានលើសពីការរំពឹងទុករបស់ក្រុមហ៊ុន ដែលមានន័យថារថយន្តបានលក់ដាច់ស្តុកផលិតសម្រាប់រយៈពេល ១២ខែ ទៅ១៨ខែ ដំបូងបន្ទាប់ពីការផលិតចាប់ផ្ដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យ៉ាងណាលោក Tony មិនបាននិយាយអំពីទំហំផលិតពិតប្រាកដជុំវិញរថយន្ត Celestiq នេះទេ ប៉ុន្តែលោកបានឲ្យតម្រុយថា​នឹងមិន​ផលិតលើសពីពីរគ្រឿងឡើយក្នុងមួយថ្ងៃ ដោយសាររថយន្តនេះនឹងត្រូវដំឡើងដោយដៃ។

រថយន្ត Celestiq ប្រើប្រាស់គ្រោងឆ្អឹង Ultium របស់ក្រុមហ៊ុន General Motors និងដំណើរការដោយម៉ូទ័រអគ្គិសនីចំនួនពីរ ជាមួយកម្លាំងសរុបប៉ាន់ស្មានថា ៦០០សេះ។ កម្លាំងនេះគ្រប់គ្រាន់អាចឲ្យរថយន្ត Celestiq ស្ទុះពី ០ ដល់ ៩៦គ.ម/ម៉ ក្នុងពេលត្រឹម ៣,៨វិនាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម