ត្រឹម ៥ ថ្ងៃប៉ុណ្ណោះ រថយន្ត Toyota Sienta MPV ទទួលបានការកក់ទុកមុនដល់ទៅ ៣០ ០០០ គ្រឿង

[បរទេស] កាលពីថ្ងៃទី ២៣ ខែសីហាឆ្នាំ ២០២២ ក្រុមហ៊ុន Toyota បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Toyota Sienta ប្រភេទ MPV ដែលមាន ៣ ម៉ូដែលសម្រាប់ជ្រើសរើសជាមួយនឹងតម្លៃលក់ចាប់ពី ១៤ ២៤៩ ដុល្លារ ដល់ ២២ ៧១១ ដុល្លារ ដោយក្នុងរយៈពេល ៥ ថ្ងៃ ទទួលបានការបញ្ជាទិញទុកមុនបានកើនឡើងដល់ ៣០ ០០០ គ្រឿង នៅក្នុងប្រទេសជប៉ុន នេះបើយោងតាមគេហទំព័រ ​Creativeive ។

Toyota Sienta ស៊េរី​ឆ្នាំ ២០២៣ ថ្មី​នេះ​ជា​ជំនាន់​ទី ៣នេះ ​ទទួលបាន​គំនិតនៃការរចនាឲ្យឈ្មោះថា “Shikakumaru” ដែលរួមបញ្ចូលគ្នាជាមួយរាងជាជ្រុងៗនិងមូលៗ មានបំពាក់ជាមួយប៉ាណាមុខរាងអក្សរ U អបដោយចង្កៀងមុខ LED Bi-Beam, ថាសកង់ស្ព័រទំហំ ១៥ អ៊ីញ និងចង្កៀងខាងក្រោយ LED បញ្ឈរត្រូវបានរចនាថ្មី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រីឯនៅផ្នែកខាងក្នុងមានបំពាក់ជាមួយកុងទ័រព័ត៌មាន TFT ទំហំ ៧ អ៊ីញ និងអេក្រង់កំសាន្តបញ្ឈរទំហំ ១០,៥ អ៊ីញ, អេក្រង់កំសាន្តសម្រាប់អ្នកដំណើរខាងក្រោយទំហំ ១២,១ អ៊ីញថ្មី, កំាមេរ៉ា ៣៦០ ដឺក្រេ និងដំបូលបើកបែប panoramic ជាដើម។

ចំពោះផ្នែកម៉ាស៊ីនវិញ រថយន្តនេះបំពាក់ជាមួយម៉ាស៊ីនកូនកាត់ Hybrid រួមគ្នារវាងម៉ាស៊ីន Dynamic Force ចំណុះ ១,៥ លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនី និងប្រព័ន្ធបើកបរប៉ុង​២ E-Four all-wheel drive  និងម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ប្រភេទ Dynamic Force ភ្ជាប់ជាមួយប្រអប់លេខអូតូ ១០ វគ្គ។ បន្ថែមពីនេះ រថយន្តនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថភាព Toyota safety sense ជាស្តង់ដារនៅលើគ្រប់ម៉ូដែលទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម