
នេះគឺជា The American Dream រថយន្តវែងជាងគេបំផុតនៅលើពិភពលោក ដោយបានជាប់កំណត់ត្រាពិភពលោក Guinness World Record ជាមួយនឹងប្រវែងដ៏អស្ចារ្យរហូតដល់ ១០០ ហ្វីត និង ១.៥ អ៊ីញ ឬប្រហែល ៣០.៥ ម៉ែត្រ។ រថយន្តនេះ មានកង់រហូតដល់ ២៦, ដំណើរការដោយម៉ាស៊ីន V8 ចំនួន ២ (មួយដាក់នៅផ្នែកខាងមុខ និងមួយទៀតដាក់នៅផ្នែកខាងក្រោយ) ហើយអាចផ្ទុកមនុស្សបានច្រើនជាង ៧៥ នាក់ឯណោះ។

The American Dream ត្រូវបានបង្កើតឡើងដំបូងនៅក្នុងឆ្នាំ ១៩៨៦ នៅក្នុងទីក្រុង Burbank រដ្ឋ California ដោយអ្នកកែច្នៃរថយន្តដ៏ល្បីល្បាញម្នាក់ឈ្មោះ Jay Ohrberg ។ លោកគឺបានយកគ្រោងឆ្អឹងនៃរថយន្តម៉ាក Cadillac Eldorado ឆ្នាំ ១៩៧៦ ចំនួន ៦ គ្រឿង មកច្នៃបញ្ជូលគ្នា។ ដំបូងឡើយ វាមានប្រវែងត្រឹមតែ ៦០ ហ្វីត ឬ ១៨ ម៉ែត្រប៉ុណ្ណោះ សម្រាប់ប្រើប្រាស់ក្នុងការថតកុនហូលីវូដ ប៉ុន្តែក្រោយមកគាត់បានពង្រីកវាឱ្យកាន់តែវែងរហូតដល់ ១០០ ហ្វីត ដើម្បីបំបែកកំណត់ត្រាពិភពលោក។

បន្ទាប់មក បន្ទាប់ពីឆ្លងកាត់ភាពល្បីល្បាញ និងការបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ជាច្រើន The American Dream ក៏បានជួបនឹងបញ្ហាប្រឈមដ៏ធំមួយដែលត្រូវបានគេបោះបង់ចោល ព្រោះដោយសារតែវាមានប្រវែងវែងពេក ពិបាកខ្លាំងក្នុងការបើកបរ និងរកកន្លែងចតនៅលើផ្លូវសាធារណៈ។ ជាលទ្ធផល ឡាននេះត្រូវបានគេឈប់ប្រើប្រាស់ ហើយទុកចោលឱ្យពុកផុយ និងច្រេះចាប់នៅពីក្រោយឃ្លាំងមួយក្នុងរដ្ឋ New Jersey។

ប៉ុន្តែដោយសារតែក្នុងគ្រោះតែងតែមានលាភ រថយន្តនេះក៏ត្រូវបានគេយកមកកែច្នៃឡើងវិញ ពោលគឺវាត្រូវបានលោក Michael Dezer ដែលជាអ្នកស្រឡាញ់ឡានម្នាក់ និងជាម្ចាស់សារមន្ទីរ Dezerland Park Car Museum នៅក្នុងទីក្រុង Orlando រដ្ឋ Florida បានសម្រេចចិត្តទិញយកមកជួសជុលឡើងវិញ។ លោកបានសហការជាមួយជាងមេកានិចដ៏ជំនាញម្នាក់គឺលោក Michael Manning ។ ជារួម ការជួសជុលបានចំណាយពេលជាង ២ ឆ្នាំ និងថវិការាប់លានដុល្លារ ដើម្បីកសាងគ្រោងឆ្អឹងវាឡើងវិញ។ ជាពិសេស គឺត្រូវលះបង់រថយន្ត Cadillac ចំនួន ៣ គ្រឿងផ្សេងទៀត ដើម្បីយកមកធ្វើជាគ្រឿងបន្លាស់។

ចុងក្រោយ នៅឆ្នាំ ២០២២ រថយន្តនេះក៏ត្រូវបានជួសជុលរួចរាល់ជាជាស្ថាពរ ដោយវាគឺមិនត្រឹមតែត្រលប់មករកភាពស្រស់ស្អាត និងឡូយដូចដើមនោះទេ ប៉ុន្តែថែមទាំងត្រូវបានពង្រីកឱ្យវែងជាងមុនបន្តិចប្រហែល ១.៥ អ៊ីញ ដែលធ្វើឱ្យវាបំបែកកំណត់ត្រាចាស់របស់ខ្លួនឯងទៀតផង។ បច្ចុប្បន្ន The American Dream ត្រូវបានដាក់បង្ហាញនៅសារមន្ទីរ Dezerland Park ក្នុងរដ្ឋ Florida សម្រាប់ឱ្យមនុស្សម្នាមកពីជុំវិញពិភពលោកបានទស្សនាភាពអស្ចារ្យនៃរថយន្តមួយនេះ៕



















