បច្ចេកវិទ្យាគ្មានអ្នកបើកបររបស់ Tesla បានធ្វើអោយមនុស្ស ២នាក់បានស្លាប់

រថយន្ត Tesla Model S មួយគ្រឿងបានបើកទៅបុកដើមឈើមួយដើម នៅភាគជើងនៃទីក្រុងហូស្តុន ដែលត្រូវបានគេជើងថាគ្មានអ្នកបើកបរអង្គុយនៅកន្លែងកៅអីអ្នកបើកបរ នេះបើតាមអាជ្ញាធរនៅទីនោះរាយការណ៌។ លោក Sgt Cinthya Umanzor មកពីតំបន់ Harris County Constable Precinct 4 បាននិយាយថា“ មិនមាននរណាម្នាក់នៅក្នុងកៅអីអ្នកបើកបរឡើយ” ។ រថយន្ត Tesla Model S ឆ្នាំ២០១៩ បានបើកបរល្បឿនលឿន និងមិនអាចដំណើរការបានល្អពេលផ្លូវកោង ហេតុនេះហើយបណ្តាលអោយរថយន្តបានទៅបុកនឹងដើមឈើ ដែលបង្ករអោយមានភ្លើងឆេះទៀតផង។ បន្ទាប់ពីក្រុមអ្នកពន្លត់អគ្គីភ័យ បានពន្លត់រួចមក គេឃើញមានបុរសម្នាក់អង្គុយនៅកៅអីអ្នករួមដំណើរខាងមុខ និងម្នាក់ទៀតអង្គុយនៅផ្នែកខាងក្រោយ។

Tesla Model S (រូបតំណាង)

ក្រុមហ៊ុន Tesla និងរដ្ឋបាលសុវត្ថិភាពចរាចរណ៍ជាតិផ្លូវហាយវេ មិនបានឆ្លើយតបភ្លាមៗចំពោះហេតុការណ៌នេះនៅឡើយទេ។ គ្រោះថ្នាក់នេះបានកើតឡើងចំពេល មានការត្រួតពិនិត្យកាន់តែខ្លាំងឡើងលើប្រព័ន្ធបើកបរពាក់កណ្តាលស្វ័យប្រវត្តិរបស់ Tesla បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ថ្មីៗនេះ ហើយខណៈពេលដែលខ្លួនក៏កំពុងតែត្រៀមដាក់ឱ្យដំណើរការបច្ចេកវិទ្យានៃមុខងារបើកបរស្វ័យប្រវត្តិពេញលេញ “Full Self-driving” របស់ខ្លួនដល់អតិថិជនកាន់តែច្រើន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីភ្នាក់ងារសុវត្ថិភាពរថយន្តរបស់សហរដ្ឋអាមេរិក បាននិយាយកាលពីខែមីនាថាខ្លួនបានបើកការស៊ើបអង្កេតចំនួន ២៧ ករណីទៅនឹងគ្រោះថ្នាក់របស់រថយន្ត Tesla ។ យ៉ាងហោចណាស់មានករណីគ្រោះថ្នាក់ចរាចរណ៍បីបានកើតឡើងនាពេលថ្មីៗនេះកន្លងទៅនេះ។ លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla បាននិយាយកាលពីខែមករា កន្លងទៅនេះថា លោករំពឹងថានឹងរកប្រាក់ចំនេញយ៉ាងច្រើន ពីបច្ចេកវិទ្យានៃមុខងារបើកបរស្វ័យប្រវត្តិពេញលេញ “Full Self-driving” ដោយនិយាយថា លោកមានជំនឿចិត្តខ្ពស់ថារថយន្តនឹងអាចបើកបរដោយភាពជឿជាក់លើមនុស្សជាតិនៅឆ្នាំនេះ។

លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla

បច្ចេកវិទ្យាបើកបរដោយខ្លួនឯង ត្រូវតែជំនះឧបសគ្គ លើផ្នែកត្រួតពិនិត្យសុវត្ថិភាព និងបទប្បញ្ញត្តិដើម្បីទទួលបានជោគជ័យផ្នែកពាណិជ្ជកម្ម។ នៅក្នុងគ្រោះថ្នាក់នោះបុរសដែលស្លាប់ទាំង ២ គឺម្នាក់កើតនៅឆ្នាំ ១៩៦២ និងឆ្នាំ១៩៥១។

ទោះជាបច្ចេកវិទ្យាទំនើបយ៉ាងណា ក៏យើងម្នាក់ៗគួរតែមានការប្រុងប្រយ័ត្នអោយបានខ្ពស់!

ផ្ទាំងផ្សាយពាណិជ្ជកម្ម