[ចំណេះដឹងយានយន្ត] ក្នុងពេលបើកបររថយន្ត ដើម្បីបន្ថយល្បឿន និងបញ្ឈប់ អ្នកបើកបរគ្រប់រូបត្រូវប្រើប្រាស់ប្រព័ន្ធហ្វ្រាំង ដោយជាន់ឈ្នាន់ហ្វ្រាំងដែលនៅជាប់នឹងឈ្នាន់ហ៊្គែរ។ ជាការពិតណាស់ ប្រព័ន្ធហ្វ្រាំង ជាផ្នែកមួយស្ថិតក្នុងផ្នែកសំខាន់ៗបំផុត ដើម្បីឲ្យរថយន្តដំណើរការ និងបញ្ឈប់ដំណើរការឲ្យមានប្រសិទ្ធភាព ហើយចំពោះប្រព័ន្ធហ្វ្រាំងដែលប្រើប្រាស់លើរថយន្តនានាសព្វថ្ងៃនេះ ក៏មានប្រភេទខុសៗគ្នាដែរ។ ប្រភេទហ្វ្រាំងជើងដែល ប្រើប្រាស់លើរថយន្តសព្វថ្ងៃមាន ២ ប្រភេទផ្សេងគ្នា គឺហ្វ្រាំងឌីស និងហ្វ្រាំងតាំបួរ ហើយវាក៏មានប្រព័ន្ធហ្វ្រាំង ២ ទៀតដែរគឺ ហ្វ្រាំងប្រើពេលអាសន្ន និងប្រព័ន្ធហ្វ្រាំង ABS។
១. ហ្វ្រាំងឌីស(Disc Brake)
ហ្វ្រាំងថាស ឬហ្វ្រាំងឌីស ជាប្រភេទហ្វ្រាំងជើង ផ្គុំឡើងដោយ រ៉ូទ័រហ្វ្រាំងដែលភ្ជាប់ទៅនឹងកង់ផ្ទាល់តែម្ដង។ សម្ពាធរបស់ប្រព័ន្ធអ៊ីដ្រូលីក (Hydraulic System) ដែលចេញពីស៊ីឡាំងមេ នឹងធ្វើឲ្យឆ្នាប់ (Caliber) នៅជាប់នឹងថាសហ្វ្រាំងដែលជាប់នឹងកង់នោះ ចាប់ផ្ដើមផ្អឹបចូលគ្នា ដើម្បីចាប់ថាសហ្វ្រាំងនោះ។ ការចាប់នេះបង្កើតជាការកកិត ដើម្បីបន្ថយល្បឿន ឬក៏បញ្ឈប់រថយន្តតែម្ដង។
២. ហ្វ្រាំងតាំបួ (Drum Brake)
ហ្វ្រាំងតាំប៊ួរជាប្រភេទហ្វ្រាំងជើង ប្រើប្រាស់តាំប៊ួរដែលបំពាក់នៅខាងក្នុងដុំកង់រថយន្តផ្ទាល់តែម្ដង។ នៅពេលដែលអ្នកបើកបរជាន់ហ្វ្រាំង ប្រព័ន្ធអ៊ីដ្រូលីកនឹងរុញតាំប៊ួរ ២ ស្បែកហ្វ្រាំង ២ ដែលផ្គុំគ្នាជារង្វង់នៅក្នុងកង់នោះ ឲ្យកកិតជាមួយតាំប៊ួរហ្វ្រាំង។ ការចាប់នេះបង្កើតជាការកកិត ដើម្បីបន្ថយល្បឿន ឬក៏បញ្ឈប់រថយន្តដូចគ្នានឹងហ្វ្រាំងថាសដែរ។
៣. ប្រព័ន្ធហ្វ្រាំង ABS (Anti-Lock Braking System)
ប្រព័ន្ធហ្វ្រាំង ABS ជាប្រព័ន្ធដែលដាក់នៅលើហ្វ្រាំងជើង ការពារកុំឲ្យកង់ជាប់គាំង ដែលអាចបណ្ដាលឲ្យរថយន្តអូសទៅមុខ មិនអាចបញ្ជាចង្កូតបាន នៅពេលជាន់ហ្វ្រាំងភ្លាមៗ។ ប្រព័ន្ធនេះមានប្រសិទ្ធភាពបំផុត នៅពេលដែលផ្លូវមានសភាពរអិល ព្រោះវានឹងជួយមិនឲ្យរថយន្តបាត់លំនឹង ពេលជាន់ហ្វ្រាំងភ្លាមៗ។
៤. ហ្វ្រាំងដៃឬគ្រាអាសន្ន (Emergency Or hand Brake)
ហ្វ្រាំងគ្រាអាសន្ន ដែលប្រជាជនខ្មែរចំណាំហៅថា ហ្វ្រាំងដៃនោះ គឺជាប្រព័ន្ធហ្វ្រាំងឯករាជ្យមួយ ដាច់ផ្សេងពីប្រព័ន្ធហ្វ្រាំងសម្រាប់បន្ថយល្បឿន និងបញ្ឈប់រថយន្ត។ ហ្វ្រាំងនេះមានរូបរាងច្រើន នៅច្រើនកន្លែងផ្សេងគ្នា ដោយខ្លះមានរូបរាងដូចដៃសម្រាប់ទាញឡើងលើនៅជិតចង្កឹះលេខ ផ្សេងទៀតនៅខាងក្រោមចង្កូតជាប់ទ្វារសម្រាប់ជាន់ ហើយខ្លះទៀតគ្រាន់តែជាប៊ូតុងអក្សរ P មួយតែប៉ុណ្ណោះ នៅម្ដុំប្រអប់លេខ។ ហ្វ្រាំងគ្រាអាសន្ន ដំណើរការដោយសារតែខ្សែកាបនៅខាងក្នុង បានដាក់សម្ពាធទៅលើកង់ទាំង ៤ ធ្វើឲ្យវាពិបាកនឹងរំកិលទៅមុខ ក្រោយ។ ជាធម្មតាហ្វ្រាំងនេះ ប្រើប្រាស់សម្រាប់ពេលចត កុំឲ្យរថយន្តរំកិលបាន តែវាក៏អាចប្រើនៅពេលមានអាសន្នដែរ គឺនៅពេលដែលហ្វ្រាំងជើងជាន់លែងស៊ី៕