[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ កន្លងទៅ មានការប្រទះឃើញនៅរថយន្ត Range Rover Sport ស៊េរីឆ្នាំ២០២៣ ជាមួយការបិតបាំងតួខ្លួន ខណៈដែលរូបភាពត្រួវបានប្រមាញ់បានដោយរថយន្តនេះកំពុងស្ថិតនៅលើរថយន្តដឹកជញ្ចូន។
បើមើលតាមរូបភាព រថយន្តនេះមានរូបរាងទទួលបាននូវការអភិវឌ្ឃន៍ថ្មី ជាក់ស្តែងនៅលើកាងខាងមុខ ក៏ដូចជាប៉ាណាខាងមុខរាងស្លីមជាប់ជាមួយចង្កៀងមុខ។ ខណៈ អំពូលភ្លើងខាងក្រោយរាងស្លីមជាងមុន និងកាង Spoiler ធំ។ អ្នករចនាក៏បានប្តូរស្លាកលេខចេញពីទ្វារលើកទៅកាងក្រោយផងដែរ។
ចំពោះផ្នែកខាងក្នុងវិញនៅមិនដឹងនៅឡើយទេ ប៉ុន្តែកាប៊ីនខាងក្នុងទំនងជានឹងយកលំនាំរថយន្ត Range Rover ថ្មី។ នេះមានន័យថាយើងអាចរំពឹងថាការរចនាថ្មី ក៏ដូចជាគ្រឿងបរិក្ខារដែលមានគុណភាពខ្ពស់ជាងមុន។ ម៉ូដែលនេះក៏អាចត្រូវបានបំពាក់ដោយកុងទ័រព័ត៌មានឌីជីថលទំហំ ១៣,៧ អ៊ីញ និងអេក្រង់កម្សាន្ត Pivi Pro ទំហំ ១៣,១ អ៊ីញ។
ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត Range Rover Sport នេះរំពឹងថានឹងមានជម្រើសម៉ាស៊ីនជាច្រើនរួមមាន ម៉ាស៊ីនចំណុះ ៣,០ លីត្រ turbocharged ទំហំ ៦ស៊ីឡាំង ដែលផលិតកម្លាំងបាន ៣៩៥ សេះ និងកម្លាំងរមួល ៥៥០ ញ៉ូតុនម៉ែត្រ។ ក្នុងនោះក៏មានជម្រើសម៉ាស៊ីនចំណុះ ៤,៤ លីត្រ Twin-turbo V8 ដែលមានកម្លាំង ៥២៣ សេះ និងរមួល ៧៤៩ ញ៉ូតុនម៉ែត្រ។ ប្រសិនបើវាមិនគ្រប់គ្រាន់ទេ Range Rover Sport SVR ដែលនឹងមកដល់នាពេលខាងមុខអាចនឹងមានកម្លាំងរហូតដល់ ៦១៧ សេះ។
ជាមួយគ្នានេះ រថយន្ត Range Rover Sport ក៏អាចត្រូវបានផ្តល់ជូនជាមួយនឹងថាមពល Plug-in Hybrid ចំនួនពីរម៉ូឌែលផងដែរ៕