ប្រើពេល៣ខែ VW អាចលក់ឡានអគ្គិសនីបានជិត ១០ម៉ឺនគ្រឿងទូទាំងពិភពលោក

[ទីផ្សារបរទេស] សម្ព័ន្ធ Volkswagen Group បានប្រកាសថាចំនួនលក់រថយន្តអគ្គិសនីក្នុងពេលបីខែដំបូងនៃឆ្នាំ២០២២នេះ មានការកើនឡើង ៦៥% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ២០២១ ទោះបីជាវិបត្តិខ្វះខាតឈីបនៅបន្តវាយលុកយ៉ាងខ្លាំងក្លាក្ដី។

ចំនួនលក់រថយន្តអគ្គិសនីសរុប ៩៩ ១០០គ្រឿង នៅទូទាំងពិភពលោក មានចំនួន ៣០ ៣០០គ្រឿង គឺជារថយន្ត VW ID.4 ដែលស្មើនឹង ៣០,៥% នៃចំនួនលក់សរុប។ រថយន្តអគ្គិសនីលក់ដាច់បន្ទាប់គឺរថយន្ត VW ID.3 ដែលលក់ចេញបាន ១៣ ០០០គ្រឿង និងតាមពីក្រោយដោយរថយន្ត Audi Q4 e-tron លក់បាន ១០ ៧០០គ្រឿង, Audi e-tron លក់បាន ១០ ៣០០គ្រឿង និង Porsche Taycan លក់បាន ៩ ៥០០គ្រឿង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តាមតួលេខបានបង្ហាញថាម៉ាករថយន្ត Volkswagen អាចលក់រថយន្តអគ្គិសនីបានច្រើនជាងគេ ដោយលក់ចេញបានសរុប ៥៣ ៤០០គ្រឿង នៅត្រីមាសទីមួយនៃឆ្នាំ២០២២នេះ។ បន្ទាប់មកគឺម៉ាក Audi (២៤ ២០០គ្រឿង), ម៉ាក Porsche (៩ ៥០០គ្រឿង), ម៉ាក Skoda (៨ ៨០០គ្រឿង) និងម៉ាក SEAT/CUPRA (២ ២០០គ្រឿង)។

ទីផ្សារដែលធំជាងគេសម្រាប់ Volkswagen Group គឺទីផ្សារអឺរ៉ុប ដែលមានរថយន្តសរុប ៥៨ ៤០០គ្រឿងបានលក់ចេញ ដែលចំនួននេះគឺមានកំណើន ៣៣,៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ទីផ្សារបន្ទាប់គឺប្រទេសចិន ដែលលក់ចេញបានសរុប ២៨ ៨០០គ្រឿង ហើយមានកំណើនរហូតដល់ ៣៦០,៥% ឯណោះ។

ដោយឡែកនៅទីផ្សារសហរដ្ឋអាមេរិក Volkswagen Group អាចលក់រថយន្តអគ្គិសនីបានត្រឹម ៧ ៩០០គ្រឿងប៉ុណ្ណោះ ប៉ុន្តែក៏មានកំណើន ១៦,២% ផងដែរ បើធៀបនឹងរយៈពេលបីខែដំបូងនៃឆ្នាំ២០២១៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម