មកដឹងពីចំនុចផ្លាស់ប្តូរថ្មីនៅលើរថយន្ត Mitsubishi Xpander និង Xpander Cross ដែលទើបសម្ភោធហើយក្តៅៗ

កាលពីល្ងាចថ្ងៃទី ០៩ កក្កដា ក្រុមហ៊ុន Mitsu (Cambodia) Co.,Ltd. ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត Mitsubishi គ្រប់ប្រភេទនៅក្នុងទីផ្សារប្រទេសកម្ពុជា បានធ្វើការប្រារព្ធពិធីសម្ភោធជាផ្លូវការនូវរថយន្តប្រភេទ MPV ចំនួន ២ម៉ូឌែលគឺរថយន្ត Xpander និង Xpander Cross សេរ៊ីថ្មីចុងក្រោយ ២០២២ ដោយបានធ្វើឡើងនៅ Aeon Hall Sen Sok ជាន់ទី៣ ក្រោមការចូលរួមពីសំណាក់គណៈគ្រប់គ្រង់ បុគ្គលិក ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។

ជាមួយការសម្ភោធថ្មីនេះ យើងឃើញថារថយន្តទាំង ២ម៉ូឌែលនេះ ទទួលបាននូវការអភិវឌ្ឍន៍ថ្មីជាច្រើន ជាក់ស្តែងនៅលើ

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • រថយន្ត Mitsubishi Xpander ២០២២

ត្រូវបានឌីស្សាញថ្មីទាំងស្រុងដោយឌីស្សាញឡើងផ្អែកលើ Concept Advance Dynamic Shield ដែលជួយអោយការជ្រែកខ្យល់បានកាន់តែល្អ និងកាត់បន្ថយកំរិតគ្រោះថ្នាក់នៅពេលប៉ះទង្គិច។ ចំណែកចង្កៀងមុខក៏ត្រូវបានផ្លាស់ប្តូរថ្មី ដោយប្រើប្រាស់ជាមួយចង្កៀងប្រភេទLED និងមានការរចនាថ្មីទាំងស្រុងលក្ខណៈ T-Shape ។ កញ្ចក់ជំហៀងភ្ជាប់ដោយក្រូម៉េ និងមុខងារក្តោបអូតូ, ថាសកង់ទំហំធំជាងមុន ប្រភេទ Alloy Wheel ទំហំ ១៧អ៊ីញ បន្ថែមជាមួយអង់តែព្រុយត្រីឆ្លាមនៅលើដំបូល និងផ្នែកខាងក្រោយប្រើប្រាស់ជាមួយអំពូល LED ជាមួយនឹងការរចនាថ្មីទាំងស្រុងលក្ខណៈ T-Shapeផងដែរ។

ចំណែកឯផ្នែកខាងក្នុងក៏ត្រូវបានផ្លាស់ប្តូរថ្មីទាំងស្រុងផងដែរ នៅលើតាឡូបានឌីស្សាញជាមួយស្បែក និងលាយជាមួយពណ៌ដ៌ស្រស់ស្អាត, ដៃចង្កូតឌីស្សាញថ្មីភ្ជាប់ដោយប៊ូតុងមុខងា, អេក្រង់កម្សាន្តទំហំ ៧អ៊ីញភ្ជាប់ដោយមុខងារ Apple Carplay និង Android Auto, ប្រព័ន្ធកំណត់មុខងារសេរ៉េម៉ាស៊ីនត្រជាក់ប្រភេទឌីជីថល, ប្រព័ន្ធហ្វ្រាំងដៃប្រភេទអេឡិចត្រូនិច Electronic Parking Brake និងប្រព័ន្ធហ្រ្វាំងជំនួយនៅពេលឈប់ស្តុប Auto Hold, ទម្រដៃប្រភេទស្បែក អាចដាក់កែវ និងសម្ភារៈបានច្រើន, កៅអីជួរទី២&៣អាចបត់រាបស្មើ និងប្រព័ន្ធសុវត្ថិភាពបន្ថែមថ្មី ដូចជា ប្រព័ន្ធទប់លំនឹងពេលបើកបរផ្លូវកោង ឬរអិល, ប្រព័ន្ធផ្តល់សញ្ញាអាសន្ននៅពេលជាន់ហ្វ្រាំងបន្ទាន់, ប្រព័ន្ធជំនួយពេលឡើងចំណោត និងប្រព័ន្ធហ្វ្រាំង ABS, EBD និង BA។

  • រថយន្ត Mitsubishi Xpander Cross ២០២២

គឺបានរក្សាការរចនាដូចទៅនឹងឆ្នាំមុនច្រើនដោយឌីស្សាញឡើងផ្អែកលើ Concept Advance Dynamic Shield ដែលជួយអោយការជ្រែកខ្យល់បានកាន់តែល្អ និងរូបរាងកាន់តែស្ព័រ។ ចង្កៀងមុខជាប្រភេទ LED, កញ្ចក់ជំហៀងភ្ជាប់ដោយក្រូម៉េ និងមុខងារក្តោបអូតូ, ថាសកង់ទំហំធំ ប្រភេទ Alloy Wheel ទំហំ ១៧អ៊ីញ, អង់តែព្រុយត្រីឆ្លាមនៅលើដំបូល និងប្រើប្រាស់ជាមួយអំពូល LED នៅផ្នែកខាងក្រោយ។

ចំណែកឯផ្នែកខាងក្នុងក៏ត្រូវបានផ្លាស់ប្តូរថ្មីទាំងស្រុងដូចគ្នាដែរ ហើយអ្វីដែលគួរអោយកត់សម្គាល់បន្ថែមទៀតនៅលើម៉ូឌែល Xpander Cross មានដូចជាកៅអីប្រភេទស្បែក, ប៊ូតុង Start/Stop Engine ងាយស្រួលក្នុងការពន្លត់ ឬបញ្ឆេះម៉ាស៊ីន, អេក្រង់កម្សាន្ត Touchscreenទំហំ ៧អ៊ីញភ្ជាប់ដោយមុខងារ Apple Carplay និង Android Auto, ប្រព័ន្ធកំណត់មុខងារសេរ៉េម៉ាស៊ីនត្រជាក់ប្រភេទឌីជីថល, ប្រព័ន្ធហ្វ្រាំងដៃប្រភេទអេឡិចត្រូនិច Electronic Parking Brake និងប្រព័ន្ធហ្រ្វាំងជំនួយនៅពេលឈប់ស្តុប Auto Hold, រន្ធសាកថ្មនៅផ្នែកខាងមុខ និងរន្ធសាកថ្ម USB Type C នៅជួរទី២ &៣។

រថយន្ត Mitsubishi Xpander និង Xpander Cross សេរ៊ីឆ្នាំ២០២២ ដំណើរការដោយម៉ាស៊ីនជំនាន់ថ្មី ម៉ាស៊ីនសាំង MIVEC DOHC ចំណុះ ១,៥លីត្រ អាចផលិតកម្លាំងបាន ១០៥P.S និងកម្លាំងរមួល ១៤១ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៤វគ្គ និងមានកម្រិតស៊ីសាំងចន្លោះពី​៥-៦លីត្រ ក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ។

រថយន្ត Mitsubishi Xpander សេរ៊ីឆ្នាំ២០២២ មានតម្លៃ ៣៣ ៥០០ដុល្លារ និងតម្លៃ ៣៥  ៥០០ដុល្លារ សម្រាប់ Mitsubishi Xpander Cross ២០២២។ ដូច្នោះសម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចទាក់ទងទៅកាន់ទំព័រផ្លូវការ Mitsubishi Motor Cambodia និងលេខទូរស័ព្ទ 011 999 892 និង 010 999 892៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម