មិនរស់ទេបើយ៉ាងនេះ! ដោយសារ COVID-19 ចំនួនលក់ឡាននៅចិន ធ្លាក់ចុះ ៤០%

ចំនួនលក់នៃរថយន្តថ្មីនៅក្នុងប្រទេសចិន បានទទួលរងផលប៉ះពាល់យ៉ាងខ្លាំងបំផុត ដោយសារតែការផ្ទុះឡើងនៃជំងឺ COVID-19។ នេះបើយោងតាមសមាគមន៍ China Passenger Car Association (CPCA)។

CPCA បានបង្ហាញថា ចំនួនលក់រថយន្តនៅក្នុងប្រទេសចិន នៅក្នុងខែមីនា ឆ្នាំ២០២០ សរុប ១,០៨លានគ្រឿង ពោលគឺធ្លាក់ចុះ ៤០,៨ភាគរយ បើប្រៀបធៀបនឹងខែមីនា ឆ្នាំ២០១៩ ប៉ុន្តែសមាគមន៍មួយនេះរំពឹងថាចំនួនលក់រថយន្តនៅក្នុងខែមេសា អាចនឹងបានច្រើនលើសខែមីនា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ថ្វីបើចំនួនលក់រថយន្តប្រចាំខែមីនាធ្លាក់ចុះមែន តែមិនអាក្រក់ដូចខែកុម្ភៈ ដែលធ្លាក់ចុះរហូតដល់ទៅ ៧៩% បើប្រៀបធៀបនឹងឆ្នាំមុន។

ខណៈទីផ្សាររថយន្តកំពុងទទួលរងគ្រោះខ្លាំង ក្រុមហ៊ុន Tesla ឯណោះវិញ កំពុងសប្បាយរីករាយនឹងជោគជ័យរបស់ខ្លួននៅក្នុងប្រទេសចិន ដោយលក់រថយន្តបានសរុប ១០ ១៦០គ្រឿង នៅក្នុងខែមីនា ច្រើនលើសខែកុម្ភៈជាងពាក់កណ្តាលឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម