[ចំណេះដឹងយានយន្ត] អាគុយរបស់រថយន្តត្រូវបានបំពេញថាមពលដោយអាល់ទែណាទ័រ ឬឌីណាម៉ូ (Alternator) ដើម្បីអោយអាគុយរបស់រថយន្តអាចប្រើប្រាស់បានក្នុងរយៈពេលយូរ។ អាល់ទែណាទ័រ ឬឌីណាម៉ូ (Alternator) គឺជាផ្នែកមួយដ៏សំខាន់នៃប្រព័ន្ធសាកភ្លើងក្នុងរថយន្ត ដែលត្រូវបង្វិលដោយការប្រទាក់ខ្សែរពានទៅនឹងចលនាបង្វិលរបស់ម៉ាស៊ីន។ មុខងាររបស់ឌីណាម៉ូគឺសាកឬបញ្ចូលភ្លើងអោយទៅអាគុយរថយន្តនិងផ្គត់ផ្គង់ចរន្តចូលទៅកាន់ប្រព័ន្ធភ្លើងផ្សេងៗនៅក្នុងរថយន្ត នៅពេលដែលម៉ាស៊ីរថយន្តចាប់ផ្តើមដំណើរការ។ ខាងក្រោមនេះសញ្ញាមួយចំនួនដែលបញ្ជាក់ថា ឌីណាម៉ូរបស់រថយន្តមានបញ្ហាឬមិនសាកចរន្តទៅកាន់អាគុយរថយន្ត ៖
១.ភ្លើងអំពូលរថយន្តឬភ្លើងខាងក្នុងភ្លើងមិនច្បាស់ល្អឬស្រអាប់
ភ្លើងភ្លឺភ្លឹបភ្លែតៗ គឺជាសញ្ញាដែលបញ្ជាក់ថាឌីណាម៉ូរថយន្តគឺខូច ឬមិនអាចផ្គត់ផ្គង់ចរន្តអគ្គិសនីថាបានល្អទេ។ ដោយអ្នកបើកបរអាចសម្គាល់បានភ្លើងភ្លឺមិនល្អ ស្រអាប់ ជាពិសេសគឺនៅពេលយប់។ ឌីណាម៉ូរថយន្តដែលល្អគឺអាចផ្គត់ផ្គង់អគ្គិសនីបានល្អ ដែលធ្វើអោយភ្លើងបំភ្លឺខាងក្រៅនិងខាងក្នុងអាចបញ្ចេញពន្លឺបានច្បាស់ល្អក្នុងល្បឿនណាមួយដែលអ្នកកំពុងបើកបរ។
២.អាគុយខ្សោយ ឬឆាប់ខូច
អាគុយខ្សោយឬឆាប់ខូចមានន័យថា ឌីណាម៉ូរថយន្តផ្គត់ផ្គង់ចរន្តមិនបានគ្រប់គ្រាន់នោះទេ។ ដើម្បីតេស្តដឹងថាឌីណាម៉ូរថយន្តផ្តល់ចរន្តមិនបានគ្រប់គ្រាន់ គឺមានសារៈសំខាន់ណាស់។ វិធីដែលងាយស្រួលនោះ គឺអ្នកគ្រាន់តែពិនិត្យមើលរង្វាស់អាគុយនៅលើផ្ទៃតាប្លូ ប្រសិនបើវានៅបញ្ចូនបន្ទុកចេញមកខ្លាំង នោះអាគុយរថយន្តគឺមិនបញ្ហាអីទេ។
៣.សំឡេងរំខានចេញមក
ឌីណាម៉ូគឺផ្លាស់ទី ឬវិញជាច្រើនជុំនៅពេលដែលវាដំណើរការ។ ប្រសិនបើផ្នែកណាមួយនៃឌីណាម៉ូចាប់ផ្តើមដំណើរការដោយគ្មានប្រសិទ្ធភាព វានឹងបង្កើតជាសំលេងចេញមក ដូចជារ៉ូឡឺម៉ង់(បាដាង)ជាដើម។ ក្រៅពីនេះគឺខ្សែរពាននៅពេលដែលវាដល់អាយុកាលរបស់វា គឺសឹករីករឹល គឺមិនអាចបង្វិលពូលីឌីណាម៉ូអោយមានប្រសិទ្ធភាពទេក្នុងករណីនេះអ្នកអាចនឹងលឺសម្លេងចេញមក។
៤.បញ្ហាអគ្គិសនី
ក្រៅពីការសាកឬបញ្ចូលថាមពលចរន្តអគ្គិសនី ឌីណាម៉ូក៏ផ្គត់ផ្គង់ចរន្តអោយប្រព័ន្ធភ្លើងក្នុងរថយន្តផងដែរ។ ដូច្នេះបើប្រព័ន្ធភ្លើងក្នុងរថយន្តមានបញ្ហា អាចមកពីឌីណាម៉ូ។ ប្រព័ន្ធទាំងនោះមានដូចជា កៅអី បង្អួចរថយន្ត បើមានដំណើរការយឺត នោះបញ្ជាក់ឌីណាម៉ូគឺមានបញ្ហាហើយ។
៥.មិនអាចបញ្ឆេះម៉ាស៊ីនបាន
នៅពេលមានបញ្ហាក្នុងការបញ្ឆេះម៉ាស៊ីនរថយន្តមិនឆេះនោះទេ វាអាចបណ្តាលមកពីឌីណាម៉ូរថយន្តមានបញ្ហាឬអាគុយខូច ដែលមិនចរន្តគ្រប់គ្រាន់សម្រាប់ផ្តល់ឲ្យទៅកាន់ដុំដេររថយន្ត ដើម្បីបង្វិលម៉ាស៊ីន៕