អស្ចារ្យ! ក្រុមហ៊ុនអ៊ីស្រាអែលបង្ហាញពីអាគុយឡានដែលសាកភ្លើង ៥នាទីពេញ

ក្រុមហ៊ុន Startup មួយរបស់ប្រទេសអ៊ីស្រាអែលឈ្មោះថា StoreDot បានបង្ហាញចេញនូវអាគុយច្នៃប្រឌិតថ្មីដែលអាចសាកភ្លើងពេញក្នុងពេលត្រឹម ៥នាទី ដែលក្រុមហ៊ុននេះមានគម្រោងការថានឹងបញ្ចេញអាគុយថ្មីនេះសម្រាប់ប្រើប្រាស់លើរថយន្តអគ្គិសនី។

គំរូនៃអាគុយដែលផលិតដោយក្រុមហ៊ុនខាងលើ គឺគេបានជំនួសនូវសារធាតុក្រាហ្វិចដែលបានប្រើប្រាស់លើអាគុយធម្មតា ជាមួយនឹងសារធាតុថ្មីមួយជាប្រភេទសារធាតុភាគល្អិតដែលមានឈ្មោះថា Metalloid Nanoparticle ដែលសារធាតុនេះអាចដោះស្រាយបញ្ហាទាក់ទងនឹងសុវត្ថិភាព អាយុកាលជីវិត និងការរីកនៃអាគុយផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កន្លងមកក្រុមហ៊ុន StoreDot ធ្លាប់បានប្រើប្រាស់អាគុយប្រភេទនេះដើម្បីបង្ហាញអំពីការសាកភ្លើងរថយន្តអគ្គិសនីកង់ពីរ ឲ្យបានពេញក្នុងពេលត្រឹម ៥នាទី។ ប៉ុន្តែសម្រាប់ការសាករថយន្តអគ្គិសនីធម្មតាឲ្យពេញក្នុងពេលត្រឹម ៥នាទី គឺនឹងទាមទារឲ្យមានដុំសាកភ្លើងកម្លាំងខ្លាំង ដែលខ្លាំងជាងដុំសាកមានប្រើនាពេលបច្ចុប្បន្នទៅទៀត។

ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធនៃស្ថានីយសាកភ្លើងនាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន StoreDot សង្ឃឹមថានឹងអាចផ្ដល់រយៈចម្ងាយបើកបរបាន ១៦០គីឡូម៉ែត្រពេលរថយន្តអគ្គិសនីសាកភ្លើងបាន ៥នាទី ឲ្យបាននៅក្នុងឆ្នាំ ២០២៥ ខាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម