៩ជំហាន ក្នុងការបើកបររថយន្តលេខអូតូ | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] រថយន្តលេខអូតូ មានការពេញនិយមណាស់សម្រាប់ទាំងអ្នកបើកបរថ្មីថ្មោង និង ទាំងអ្នកបើកបរដែលមានបទពិសោធន៍យូរហើយស្រាប់ ខណៈដែលរថយន្តលេខអូតូនេះមានភាពងាយស្រួល ក្នុងការបើកបរជាងរថយន្តដែលប្រើប្រាស់លេខដៃ និង ធ្វើឲ្យការធ្វើដំណើរផ្លូវឆ្ងាយមានផាសុកភាពជាង។ ជំហានសាមញ្ញៗ

ខាងក្រោមនេះ នឹងបង្ហាញលោកអ្នកអំពីការបើកបររថយន្តដែល ប្រើប្រាស់លេខអូតូ ប៉ុន្តែត្រូវចងចាំថា មុននឹងបើកបររថយន្តអ្វីក៏ដោយ សូមប្រាកដថាលោកអ្នកមានប័ណ្ណបើកបរដែលមានសុពលភាព និង យល់ដឹងពីច្បាប់ចរាចរណ៍ក្នុងស្រុកទេសនោះ ច្បាស់លាស់។

១. ចូលទៅក្នុងរថយន្ត ហើយអង្គុយក្នុងកៅអីអ្នកបើកបរ រួចសារ៉េកៅអីអង្គុយទៅតាមទម្រង់ដែលលោកអ្នកគិតថាមានផាសុកភាពសម្រាប់ខ្លួន ងាយស្រួលក្នុងការគ្រប់គ្រងរថយន្ត និង អាចមើលទៅក្រៅបង្អួចរថយន្តបានច្បាស់ល្អ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

២. សូមសារ៉េកញ្ចក់សងខាងផងដែរ ដើម្បីឲ្យអាចមើលឃើញអ្វីដែលនៅពីខាងក្រោយ និង ពីចំហៀងបានច្បាស់ល្អ ងាយស្រួលក្នុងការបត់ ឬ ផ្លាស់ប្តូរគន្លងផ្លូវ។

៣. សូមពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពឲ្យបានរួចរាល់ទាំងលោកអ្នកដែលជាអ្នកបើកបរ រួមទាំងអ្នកធ្វើដំណើរផងដែរ។

៤. សម្គាល់ពីទីតាំងឈ្នាន់ហ្រ្វាំង និង ឈ្នាន់ហ្គែរ ដែលនៅពីលើកម្រាលសម្រាប់ដាក់ជើងរបស់លោកអ្នក។ ឈ្នាន់ហ្រ្វាំង មានទីតាំងនៅខាងឆ្វេង ហើយឈ្នាន់ហ្គែរមានទីតាំងនៅខាងស្តាំ។

៥. ស្វែងយល់ពីមុខងារនៃលេខ ឬ អក្សរនីមួយៗនៅលើចង្កឹះលេខឲ្យបានច្បាស់លាស់។ ចង្កឹះលេខរថយន្តអូតូមានអក្សរ P, R, N, D, លេខ 1 និង លេខ 2។ អក្សរ P (Park) តំណាងឲ្យការចត ដោយវានឹងការពាររថយន្តពីការបន្លាស់ទី។ អក្សរ R (Reverse) សម្រាប់ប្រើប្រាស់ពេលយើងចង់បើកថយក្រោយ។ អក្សរ N (Neutral) គឺត្រូវបានប្រើប្រាស់នៅពេលដែលយើងមិនចាំបាច់ គ្រប់គ្រងល្បឿនរបស់រថយន្ត ជាពិសេសគឺប្រើនៅពេលដែលយើងបញ្ឆេះរថយន្តចោលមួយភ្លែត ឬ ពេលដែលរថយន្តកំពុងត្រូវបានគេរុញ ឬ សណ្តោង។  អក្សរ D (Drive) ប្រើសម្រាប់ពេល យើងបើកបរ ខណៈដែលលេខ 1 និង លេខ 2 សម្រាប់ប្រើប្រាស់ក្នុងលក្ខខណ្ឌផ្លូវលំបាក ដូចជាបើកឡើងភ្នំជាដើម។

៦. បញ្ឆេះម៉ាស៊ីនដោយជាន់ឈ្នាន់ហ្រ្វាំងបន្តិច រួចកាច់សោរដេរបញ្ឆេះ។ ចង្កឹះលេខរបស់រថយន្តគួរតែស្ថិតក្នុងតំណែងអក្សរ P មុននឹងបើកសោរបញ្ឆេះ ខណៈដែលរថយន្តមួយចំនួននឹងមិន ដំណើរការឡើយ ប្រសិនបើចង្កឹះលេខមិនស្ថិតក្នុងតំណែងអក្សរ P នោះ។

៧. បន្តជាន់ឈ្នាន់ហ្រ្វាំងដដែល រួចរំកិលចង្កឹះលេខទៅអក្សរ R ប្រសិនបើលោកអ្នកចង់បើកថយក្រោយ ឬ អក្សរ D ប្រសិនបើលោកអ្នកចង់បើកទៅមុខតែម្តង។ ព្រលែងឈ្នាន់ហ្រ្វាំង វិញយឺតៗ ហើយរថយន្តក៏នឹងចាប់ផ្តើមចេញដំណើរយឺតៗផងដែរ។ ជាន់ឈ្នាន់ហ្គែរ ដើម្បីបង្កើនល្បឿនរថយន្ត ហើយរថយន្តនឹងចូលលេខដោយស្វ័យប្រវត្តិ។

៨. ប្រើប្រាស់ដៃចង្កូតដើម្បីបត់រថយន្ត។ នៅក្នុងចង្កឹះលេខអក្សរ D ពេលដែលយើងបង្វិលដៃចង្កូតទៅឆ្វេង រថយន្តនឹងងាកទៅឆ្វេង ហើយពេលយើងបង្វិលដៃចង្កូតទៅស្តាំ រថយន្តនឹងងាក ទៅស្តាំ។

៩. ដកជើងចេញពីឈ្នាន់ហ្គែរ រួចជាន់ឈ្នាន់ហ្រ្វាំងដើម្បីបន្ថយល្បឿន ឬ បញ្ឈប់រថយន្ត។ ពេលដែលរថយន្តបើកបរដល់គោលដៅ យើងត្រូវបញ្ឈប់រថយន្ត ផ្លាស់ប្តូរចង្កឹះលេខមកអក្សរ P វិញ រួចកាច់សោរដើម្បីពន្លត់ម៉ាស៊ីនរថយន្ត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម