គណនី Instagram ឈ្មោះ cherongermando បានបង្ហាញរូបភាពជាច្រើនសន្លឹកដែលជាទិដ្ឋភាពហាងលក់រថយន្តប្រណីតមួយកន្លែងនៅប្រទេសចិន ត្រូវគេបោះបង់ចោល។ បើតាមការចុះផ្សាយរបស់ Periodismodel Motor បានឲ្យដឹងថានេះជាហាងលក់រថយន្តប្រណីតដំបូងគេមួយក្នុងប្រទេសចិន។
ប្រភពខាងលើបានអះអាងដែរថាចំនួនលក់នៅហាងលក់រថយន្តនេះ បានចាប់ផ្ដើមធ្លាក់ចុះនៅក្នុងឆ្នាំ ២០០៧ ហើយប្រហែលជាមកពីការបោសសម្អាតអំពើពុករលួយនាពេលក្រោយមកទៀតរបស់រដ្ឋាភិបាលចិន បានធ្វើឲ្យហាងលក់នេះត្រូវបិទទ្វារ និងបោះបង់ចោលតែម្ដង។
ម្ចាស់រូបថតទាំងនេះជឿជាក់ថារថយន្ត Porsche នៅក្នុងហាងត្រូវបានទុកចោលគ្មានមនុស្សប៉ះតាំងពីឆ្នាំ ២០១២។ ក្រៅពីរថយន្ត Porsche Carrera GT ក៏ឃើញមានរថយន្ត C5 Corvette Z06 និង Ferrari 575 Superamerica ផងដែរ។
រថយន្ត Porsche Carrera GT ដែលមានគ្របដោយធូលីដីខាងលើ គឺជារថយន្តលេខរៀងទី ១២៥៥ ក្នុងចំណោមរថយន្ត ១២៧០គ្រឿង ដែលក្រុមហ៊ុនផលិតលក់ ដូចនេះត្រូវបានគេចាត់ទុកថាជាប្រភេទរថយន្តកម្រមួយ៕