រថយន្ត Lucid Air របស់ក្រុមហ៊ុនអាមេរិក Lucid Motors នឹងបង្ហាញមុខមាត់ជាផ្លូវការនៅថ្ងៃទី៩ ខែកញ្ញាខាងមុខនេះ ហើយពេលនេះចម្ងាយបើកបររបស់រថយន្តត្រូវបានប្រកាសចេញជាមុន។
ក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រុមហ៊ុន Lucid Motors បានបញ្ជាក់ថារថយន្ត Lucid Air មានការប៉ាន់ស្មានពីស្ថាប័ន EPA ថាអាចជិះបានរយៈចម្ងាយ ៨៣២ គីឡូម៉ែត្រ ពេលសាកភ្លើងពេញ។ ក្រុមហ៊ុននិយាយថាតួលេខនេះគឺទទួលបានតាមរយៈការធ្វើតេស្តឯករាជ្យជាមួយក្រុមហ៊ុន FEV North America ក្នុងទីក្រុង Auburn Hills រដ្ឋ Michigan ដែលបានប្រើប្រាស់វិធីសាស្ត្រធ្វើតេស្តរបស់ស្ថាប័ន EPA។
ជាមួយចម្ងាយជិះបានឆ្ងាយបែបនេះ អាចឲ្យរថយន្ត Lucid Air ក្លាយជារថយន្តអគ្គិសនីដែលជិះបានឆ្ងាយជាងគេនៅសហរដ្ឋអាមេរិក ដោយជិះបានឆ្ងាយជាងរថយន្ត Tesla Model S Long Range ដែលមានរយៈចម្ងាយ ៦៤៧គីឡូម៉ែត្រ។
បន្ថែមពីការជិះបានឆ្ងាយនេះដែរ រថយន្ត Lucid Air នឹងអាចស្ទុះពី ០-៩៦ គ.ម/ម៉ ដោយប្រើពេលមិនដល់ ២,៥វិនាទីនោះទេ ហើយវាអាចជិះបានដល់ល្បឿនជាង ៣២០ គ.ម/ម៉ ឯណោះ៕