នាថ្មីៗនេះរថយន្តប្រភេទ Plugin Hybrid (PHEV) ដំបូងបង្អស់របស់ក្រុមហ៊ុនរថយន្តអង់គ្លេស MINI បានបង្ហាញខ្លួនជាផ្លូវការ នៅក្នុងប្រទេសម៉ាឡេស៊ី ជាមួយនឹងម៉ូដែល S E Countryman All4។
MINI Cooper S E Countryman All4 ប្រើម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged ទំហំ ៣ ស៊ីឡាំង ជាមួយនឹងម៉ូទ័រអគ្គិសនីមួយ ដែលមានកម្លាំងសរុប ២២១ សេះ ប្រើជាមួយប្រអប់លេខអូតូ ៦ វគ្គ ប្រភេទ Steptronic។
វាអាចស្ទុះពីល្បឿន ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៦,៨ វិនាទី ហើយមានល្បឿនអតិបរមាដល់ ១៩៨ គីឡូម៉ែត្រក្នុងមួយម៉ោង។ មិនតែប៉ុណ្ណោះ វាអាចដំណើរការដោយប្រើថាមពលអគ្គិសនីសុទ្ធ តាមរយៈ Max eDrive Mode ក្នុងល្បឿនដល់ទៅ ១២៥ គីឡូម៉ែត្រក្នុងមួយម៉ោង។
អ្វីដែលពិសេសនោះគឺ MINI Cooper S E Countryman All4 ប្រើម៉ាស៊ីន Plugin Hybrid នេះ មានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ២,១ លីត្រប៉ុណ្ណោះសម្រាប់ការបើកបរចម្ងាយ ១០០ គីឡូម៉ែត្រ ហើយអាចបើកបានចម្ងាយ ៤២ គីឡូម៉ែត្រ នៅពេលដំណើរការដោយថាមពលអគ្គិសនីសុទ្ធ។
អ្នកត្រូវចំណាយពេលប្រហែល ៥ ម៉ោង ដើម្បីសាកភ្លើងវាឱ្យពេញនៅផ្ទះ និង ៣ ម៉ោង ប្រសិនបើសាកភ្លើងនៅស្ថានីយសាធារណៈ។ វាត្រូវបានដាក់លក់នៅប្រទេសម៉ាឡេស៊ី ក្នុងតម្លៃ ៦៦ ០០០ ដុល្លារ៕