ក្រុមហ៊ុនរថយន្តចិន Hongqi បានដាក់តាំងបង្ហាញរថយន្តជាច្រើនក្នុងកម្មវិធី Beijing Auto Show ឆ្នាំ ២០២០ ដោយក្នុងនោះមាននូវរថយន្ត E-HS9 ដែលជារថយន្តអគ្គិសនីដ៏ប្រណីតមួយ។
រថយន្ត E-HS9 មានលក់ផ្ដាច់មុខតែនៅប្រទេសចិន ដែលវាមានជម្រើសចំនួនពីរ ដោយទីមួយមានបំពាក់ម៉ូទ័រអគ្គិសនីមួយបង្កើតកម្លាំងបាន ៣២៨សេះ អាចជិះបានចម្ងាយ ៤៦០គ.ម។ មានមួយប្រភេទទៀតមានកម្លាំងខ្លាំងជាងនេះ ដែលអាចស្ទុះពី ០-១០០គ.ម/ម៉ ក្នុងពេលមិនដល់ ៤វិនាទី និងអាចបើកបរបានចម្ងាយ ៥១០គ.ម។
នៅផ្នែកខាងក្នុងមានបំពាក់ដោយអេក្រង់ឌីជីថលចំនួនបី ក្នុងនោះមាននូវប្រព័ន្ធកម្សាន្តផងដែរ, មានកុងទ័របង្ហាញប្រភេទឌីជីថល ហើយមានរចនាបថដោយសារធាតុស្បែកប្រណីត ជាមួយឈើ និងអាលុយមីញ៉ូមខ្លះៗផងដែរ។
រថយន្ត E-HS9 នេះគ្រោងនឹងដាក់លក់ក្នុងប្រទេសចិនផ្ដាច់មុខ ក្នុងតម្លៃចាប់ពីប្រមាណ ៨ម៉ឺនដុល្លារ ដល់ខ្ទង់ ១១ម៉ឺនដុល្លារ៕