
រថយន្ត SUV ដើរដោយថាមពលអគ្គិសនីសុទ្ធម៉ូឌែលថ្មី Avatr 07L របស់ក្រុមហ៊ុន Changan បានចាប់ផ្តើមបើកទទួលការកក់ទុកមុនជាផ្លូវការនៅក្នុងប្រទេសចិន។ Avatr 07L បានបំពាក់នូវម៉ូទ័រអគ្គិសនីចំនួន ៣ អាចបង្កើតកម្លាំងបានរហូតដល់ ៧១២គីឡូវ៉ាត់ ឬស្មើនិង ៩៥៥សេះ អាចបង្កើនល្បឿនពី ០ ទៅ ១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងពេលត្រឹមតែ ៣.៧ វិនាទី និងអាចបើកបរបានចម្ងាយផ្លូវរហូតដល់ ៦៥០ គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC។
ទោះបីជាយ៉ាងណាក៏ដោយ កន្លងមកក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន (MIIT) បានបង្ហើបឲ្យដឹងថា ម៉ូឌែល 07L នេះ ក៏នឹងមានជម្រើសជាប្រភេទប្រើសាំងលាយអគ្គិសនី (EREV) ផងដែរ។ ត្រឡប់មកជម្រើសប្រើអគ្គិសនីសុទ្ធវិញ រថយន្តនេះត្រូវបានបើកឲ្យកក់ជាមួយជម្រើសចំនួន ២ផ្សេងគ្នា៖
- Avatr 07L Max+ BEV – តម្លៃ ប្រហែល ៣៦ ៨៩៥ ដុល្លារ
- Avatr 07L Ultra BEV – តម្លៃ ប្រហែល ៤១ ៣២៥ ដុល្លារ
ម៉ូឌែលកម្រិតដំបូង Avatr 07L Max+ ប្រើប្រាស់ម៉ូទ័រអគ្គិសនីតែមួយនៅដកង់ក្រោយ អាចបង្កើតកម្លាំងបាន ៣០៥ គីឡូវ៉ាត់ (៤០៩ សេះ) អាចជាន់ស្ទុះពីល្បឿនពី ០ ទៅ ១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងពេល ៥.៩ វិនាទី និងបានបំពាក់ជាមួយអាគុយប្រភេទ LFP ទំហំ ៨៩.៣៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយផ្លូវ ៧២៥ គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC។
ងាកមកមើលម៉ូឌែល Avatr 07L Ultra បានបំពាក់ជាស្តង់ដារនូវប្រព័ន្ធបូមខ្យល់, សេនស័រ LiDAR ចំនួន ៨៩៦ ខ្សែ (896-line) របស់ក្រុមហ៊ុន Huawei, អេក្រង់ទំហំ ៣៥.៤ អុីញ ស្ថិតនៅផ្ទៃតាបឡូ, ពោងសុវត្ថិភាពចំនួន ៩, ទ្វារដំណើរការដោយថាមពលអគ្គិសនីនិង២១ អុីញ ជាមួយប្រព័ន្ធហ្វ្រាំង Brembo បួនពីស្តុង (Four-piston Brembo brakes) នៅផ្នែកខាងមុខ។ សម្រាប់កម្រិតសមត្ថភាពនេះ នេះរថយន្ដនេះបានបំពាក់នូវម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងដល់ ៧១២ គីឡូវ៉ាត់ (៩៥៥ សេះ) អាចបង្កើនល្បឿនពី ០ ទៅ ១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងពេលត្រឹមតែ ៣.៧ វិនាទីប៉ុណ្ណោះ ហើយវាអាចបើកបរបានចម្ងាយផ្លូវរហូតដល់ ៦៥០ គីឡូម៉ែត្រ។ បន្ថែមពីនេះ Avatr 07L Ultra ក៏បានបំពាក់ជាមួយអាគុយប្រភេទ LFP ទំហំ ៨៩.៣៣ គីឡូវ៉ាត់ម៉ោង គាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្រិត 5C៕
























