ចេញតម្រុយឡាន Leuxs RX នឹងមានប្រភេទសាកភ្លើងបាន

កាល​ពី​ថ្មីៗ​នេះ​ Lexus បាន​ដាក់​ពាក្យ​​ស្នើ​សុំ​សិទ្ធ​ប៉ាតង់​សម្រាប់​ឈ្មោះ​ថា “RX450h+” ជា​មួយ​ការិយាល័យ​កម្មសិទ្ធិ​បញ្ញា​​របស់​សហភាព​អឺរ៉ុប។

ឈ្មោះ​មួយ​នេះ​អាច​​ឲ្យ​គេ​ជឿជាក់​ថា​នឹង​ជា​ឈ្មោះ​សម្រាប់ Lexus RX ប្រភេទ Plug-in Hybrid ដែល​ជា​ប្រភេទ​រថយន្ត​អាច​សាក​ភ្លើង​បាន។ ​គួរ​ដឹង​ថា​កន្លង​មក​គេ​មិន​ធ្លាប់​ឃើញ​មាន​​សញ្ញា​ “+” ក្នុង​ឈ្មោះ​រថយន្ត​ដែល​ជា​ផលិតផល​សម្រេច​របស់​​ Lexus នោះ​ទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus បាន​ដាក់​ពាក្យ​​កាល​ពី​ថ្ងៃ​ទី​៦ ខែ​តុលា កន្លង​ទៅ​នេះ ដូច​នេះ​ប្រហែល​ជា​ត្រូវ​រង់​ចាំ​យូរ​ឆ្នាំ​ទើប​​​រថយន្ត Lexus RX450h+ ​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ។ រំលឹក​ដែរ​ថា​កាល​ពី​ដើម​ឆ្នាំ Lexus ក៏​បាន​ដាក់​ពាក្យ​ស្នើ​សុំ​កម្មសិទ្ធិ​បញ្ញា​សម្រាប់​ឈ្មោះ “NX450h+” ដែល​​កូន​រថយន្ត SUV ខ្នាត​តូច​នេះ​ក៏​នឹង​មាន​ប្រភេទ Plug-in Hybrid ផង​ដែរ។

គេ​រំពឹង​ថា​រថយន្ត​ NX និង RX PHEV នឹង​ប្រើ​ប្រាស់​ប្រព័ន្ធ​ម៉ាស៊ីន​របស់ Toyota RAV4 Prime ដែល​មាន​ម៉ូទ័រ​អគ្គិសនី​ចំនួន​ពីរ គួប​ផ្សំ​នឹង​ម៉ាស៊ីន​សាំង​ចំណុះ ២,៥លីត្រ ៤ស៊ីឡាំង។ រថយន្ត RAV4 Prime អាច​ផលិត​កម្លាំង​បាន ៣០២សេះ ហើយ​អាច​បើកបរ​បាន​ចម្ងាយ​ ៦២,៧គីឡូម៉ែត្រ ពេល​​ប្រើ​ថាមពល​អគ្គិសនី៕​​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម