រថយន្ត SUV មហាកម្លាំងខាង Off-Road ម៉ូដែល Land Cruiser របស់ Toyota នឹងត្រូវបញ្ឈប់ការផលិតសម្រាប់លក់លើទីផ្សារសហរដ្ឋអាមេរិកក្រោយពីម៉ូដែលឆ្នាំ ២០២១ តទៅ។ នេះបើតាមការចុះផ្សាយរបស់ Motor Authority ដែលនិយាយថាមានប្រភពពីហាងលក់បានបញ្ជាក់ច្បាស់អំពីរឿងនេះ។
រថយន្ត Toyota Land Cruiser នឹងមានត្រឹមម៉ូដែលឆ្នាំ ២០២១ ខណៈដែលរថយន្ត Lexus LX នឹងបន្តមានជីវិតរស់នៅតទៀត ប៉ុន្តែប្រើប្រាស់នូវម៉ាស៊ីន Turbocharged V6 ជំនួសឲ្យម៉ាស៊ីនចំណុះ ៥,៧លីត្រ ៨ស៊ីឡាំង ដែលប្រើនាពេលបច្ចុប្បន្ននេះ។
វិបសាយ Motor Authority បានផ្ដល់ដំណឹងដែលបានប្រភព ដែលបានអះអាងថារថយន្ត Land Cruiser នឹងមិនវិលត្រឡប់ទៅទីផ្សារសហរដ្ឋអាមេរិក គឺត្រូវបញ្ឈប់ការលក់ចោលតែម្ដង។ ប្រភពដដែលបាននិយាយថាសម្រាប់ម៉ូដែលឆ្នាំ ២០២១ Land Cruiser Heritage Edition នឹងនាំយកកៅអីជួរទីបីត្រឡប់មកវិញ។
រថយន្ត Land Cruiser Heritage Edition កៅអីបីជួរ ធ្លាប់បានបង្ហាញខ្លួនក្នុងកម្មវិធី Chicago Auto Show ឆ្នាំ ២០២១ ដោយមានដាក់លក់តម្លៃប្រមាណ ៨ម៉ឺនដុល្លារនៅសហរដ្ឋអាមេរិក៕