Jeep Gladiator Willys ២០២១ ចេញហើយ បំពាក់ជាមួយកង់សម្រាប់លេងភក់ម៉ាកប់!

ក្រុមហ៊ុន​ Jeep បានបញ្ចេញរថយន្តម៉ូដែលពិសេសថ្មី ម៉ូឌែល Gladiator Willys ឆ្នាំ ២០២១​ ដែលមានសម្ថភាព Off-road កាន់តែខ្លាំង។ ម៉ូដែលពិសេស Gladiator Willys ថ្មីនេះ មាន ២ប្រភេទគឺ ប្រភេទ Sport និង Sport S ដោយផ្នែកខាងក្រៅ បំពាក់ជាមួយ ប៉ាណាពណ៍ខ្មៅ បែបរលោង និងយ៉ាន់កង់ប្រភេទ អាលុយមីញ៉ូម ទំហំ ១៧អ៊ីញ ស្រោបដោយសំបកកង់ BFGoodrich KM2 ទំហំ ៣២អ៊ីញ សម្រាប់លេងជាមួយភក់គ្រប់ស្ថានភាពផ្លូវពិបាកៗ។ ចំណែកផ្នែកខាងក្នុងគឺពុំមានការផ្លាស់ប្តូរច្រើនឡើយ និងគ្រាន់តែមានកម្រាលទ្រាប់ជើង។​

សម្រាប់ ប្រភេទ Sport S បានបំពាក់ជាមួយកញ្ចប់ Convenience និងកញ្ចប់បច្ចេកវិទ្យា ដោយក្នុងនោះមាន Automatic Climate Control system, Universal garage door opener និងអេក្រង់កម្សាន្ត ទំហំ ៧អ៊ីញ មានមុខងារ Android Auto និង Apple Carplay ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូឌែល Gladiator Willys ឆ្នាំ ២០២១​ វាបំពាក់ជាមួយម៉ាស៊ីនស្តង់ដារដូចទៅ និងម៉ូឌែល Gladiator ធម្មតាដែរ គឺម៉ាស៊ីនចំណុះ​ ៣,៦លីត្រ Pentastar V6 កម្លាំង ២៨៥សេះ និងកម្លាំងរមួល ៣៥៣ញូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខដៃ ៦វគ្គ និង ប្រព័ន្ធវិលកង់ ៤ រីឯលេខអូតូ ៨វគ្គវិញគឺតម្រូវអោយអតិថិជនបង់បន្ថែម ២ ០០០ដុល្លារ។ ប៉ុន្តែក៏មានជម្រើសម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០លីត្រ V6 កម្លាំង ២៦០សេះ កម្លាំងរមួល ៦០០ញូតុនម៉ែត្រ ប៉ុន្តែ តម្រូវអោយអតិថិជនចំណាយបន្ថែម ៤ ០០០ដុល្លារ។ សម្រាប់ជម្រើសម៉ាស៊ីនម៉ាស៊ូត គឺភ្ជាប់ជាមួយប្រអប់លេខអូតូ ៨វគ្គ ហើយក្រុមហ៊ុននៅតែតម្រូវអោយបង់ប្រាក់បន្ថែមចំនួន ២ ០០០ដុល្លារផងដែរ។

ចំពោះតម្លៃរបស់ម៉ូដែលពិសេសថ្មីនេះ មានតម្លៃចាប់ពី ៣៥ ៤៩០ដុល្លារ សម្រាប់ប្រភេទ Gladiator Willys Sport និងចាប់ពី ៣៩ ២៤០ដុល្លារ សម្រាប់ប្រភេទ Sport S៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម