ផ្អែកតាមផែនការរបស់ Volkswagen ដែលមានការឯកភាពពីក្រុមប្រឹក្សាជាន់ខ្ពស់កាលពីថ្ងៃទី១៤ ខែធ្នូ បានឲ្យដឹងថាម៉ាករថយន្ត Bentley នឹងត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់ម៉ាក Audi ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ ២០២១។
គួរដឹងថាដំណឹងនៃការប្ដូរការគ្រប់គ្រងពី Volkswagen ទៅកាន់ Audi នេះគឺបានលេចឮឡើងតាំងពីចុងខែតុលាមកម្ល៉េះ ដែលមានការចុះផ្សាយពីវិបសាយរថយន្តភាសាអាល្លឺម៉ង់ឈ្មោះថា Automobilwoche។ ពេលនោះ មានការបញ្ជាក់ថា Volkswagen ចង់ផ្ដល់នូវការចាប់ផ្ដើមថ្មីមួយសម្រាប់ Bentley ក្រោមការមើលថែរបស់ Audi។
ត្បិតថា Audi ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Volkswagen Group ក៏ពិតមែន ប៉ុន្តែក្រុមហ៊ុន Audi ក៏មានកាន់កាប់ម៉ាកជាច្រើនទៀតដែលមានដូចជា Ducati, Italdesign Giugiaro និង Lamborghini ផងដែរ៕