Honda Crossroad ទំនងជាចម្លើយឆ្លើយតបនឹង Toyota Corolla Cross

បច្ចុប្បន្ន​នេះ Honda មាន​រថយន្ត​ SUV តែ​ពីរ​ប្រភេទ​ប៉ុណ្ណោះ​នៅ​ទីផ្សារ​ប្រទេស​ជប៉ុន​ គឺ​មាន​ Honda CR-V និង Honda HR-V ដែល​វា​មិន​​មែន​ជា​គូ​​ប្រកួតប្រជែង​ខ្លាំង​ក្លា​មួយ​ជា​មួយ​នឹង​រថយន្ត​របស់ Toyota ឬ Mazda នោះ​ទេ។

ហេតុ​នេះ​ហើយ​ទើប Honda មាន​ផែនការ​បញ្ចេញ​រថយន្ត SUV ឲ្យ​បាន​កាន់​តែ​ច្រើន និង​ដុះ​ខាត់​រថយន្ត​ដែល​មាន​ឲ្យ​កាន់​តែ​ទាក់ទាញ​ផង​ដែរ​។ ជាក់​ស្ដែង​នៅ​ខែ​មីនា​ឆ្នាំ​នេះ ក្រុមហ៊ុន​នឹង​ប្រកាស​ចេញ​រថយន្ត Honda HR-V ស៊េរី​ឆ្នាំ ២០២១ ដែល​មាន​រូបរាង​ថ្មី​ទាំង​ស្រុង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅ​ឆ្នាំ ២០២២ ខាង​មុខ​ បើ​តាម​ការ​ចុះ​ផ្សាយ​បាន​ឲ្យ​ដឹង​ថា​ Honda នឹង​បង្ហាញ​ចេញ​រថយន្ត SUV មួយ​ប្រភេទ​ទៀត​ដែល​មាន​លក្ខណៈ​ស្រដៀង​នឹង HR-V ដែល​ទំនង​ជា​អាច​នឹង​មាន​ឈ្មោះ​ថា Honda Crossroad។ វា​នឹង​ក្លាយ​ជា​គូ​ប្រជែង​ចំៗ​របស់ Toyota Corolla Cross សម្រាប់​ទំហំ និង​រូបរាង​របស់​វា។

ដូច​ជា​ការ​ដែល​​ Toyota ​រៀប​ចំ​ Corolla Cross ឲ្យ​នៅ​ចន្លោះ​រថយន្ត C-HR និង RAV4 អ៊ីចឹង​ដែរ គឺ​រថយន្ត Honda Crossroad នឹង​ស្ថិត​នៅ​ចន្លោះ​រថយន្ត Honda HR-V និង Honda CR-V។ បន្ថែម​ពី​លើ​នេះ Honda ក៏​បាន​ចុះ​កម្មសិទ្ធិ​ឈ្មោះ ZR-V ដែល​ជា​ការ​ឲ្យ​តម្រុយ​ថា​​ក្រុមហ៊ុន​ជប៉ុន​នេះ​កំពុង​អភិវឌ្ឍន៍​រថយន្ត SUV ថ្មី​មួយ​ទៀត​ សម្រាប់​ជា​គូ​ប្រជែង​រថយន្ត Toyota Raize ផង​ដែរ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម