(ប្រទេសសិង្ហបុរី) Honda Jazz ជំនាន់ទី ៤ នឹងត្រូវដាក់លក់នៅប្រទេសសិង្ហបុរី នាពេលខាងមុខនេះ បន្ទាប់ពីបង្ហាញខ្លួនជាសកលរបស់ខ្លួននៅពិព័រណ៍ Tokyo Motor Show កាលពីឆ្នាំ ២០១៩។
ស្រដៀងនឹងប្រទេសជប៉ុនដែរ Honda Jazz របស់សិង្ហបុរីក៏មានជម្រើសម៉ាស៊ីនសាំង និងម៉ាស៊ីនកូនកាត់ Hybridផងដែរ។ យោងតាមគេហទំព័ររបស់ហុងដាសិង្ហបុរីបានបង្ហាញថារថយន្ត Jazz មាន ៣ ជម្រើសរួមមាន 1.5 Base CVT, 1.5 Home CVT និងH-Luxe Hybrid ECVT ហើយសម្រាប់ជម្រើសទាំង៣ មានបំពាក់ជាមួយកញ្ចប់ LX package និង Honda Connect On-board Connection System ដែលអាចភ្ជាប់ជាមួយបច្ចេកវិទ្យា Smartphone Remote Control System, Abnormal Error Warning System និងEmergency Assistance System for Traffic Incidents ផងដែរ ។
សម្រាប់ព័ត៍មានលម្អិតអំពីម៉ាស៊ីនរបស់ Jazz ជំនាន់ទីថ្មីនេះ គឺក្រុមហ៊ុនហុងដាពុំទាន់បង្ហាញឡើយ ប៉ុន្តែបើយោងតាមគេហទំព័រទិញ លក់រថយន្តរបស់សិង្ហបុរីបានបង្ហាញថា នឹងមានជម្រើសម៉ាស៊ីនសាំង ១,៥លីត្រ ទំហំ ៤ស៊ីឡាំង កម្លាំង ១១៩សេះ និងកម្លាំងរមួល ១៤៥ញ៉ូតុនម៉ែត្រ ប្រើប្រាស់ប្រអប់លេខ CVT ប៉ុងមួយ(FWD)។ និងជម្រើស Hybrid ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ i-MMD និងម៉ូទ័រអគ្គិសនីចំនួនពីរ ផលិតកម្លាំងសរុបបាន ១២៤សេះ និងកម្លាំងរមួល ២៥៣ ញ៉ូតុនម៉ែត្រ។
ជាមួយគ្នានេះដែរ សម្រាប់ម៉ូឌែល Jazz 1.5 Base CVT មានតម្លៃ ៧២ ៥០០ដុល្លារ, Jazz 1.5 Home CVT មានតម្លៃ ៧៤ ៨៥០ដុល្លារ និងH-Luxe Hybrid ECVT មានតម្លៃ ៧៦ ៤០០ដុល្លារ៕