ក្រុមហ៊ុន Porsche បាននឹងចេញរថយន្តអគ្គិសនី Taycan ស៊េរីឆ្នាំ២០២១ ប្រភេទ Base Model នៅលើទីផ្សារសហរដ្ឋអាមេរិក ជាមួយនឹងតម្លៃចាប់ពី ៧៩ ៩០០ដុល្លារ។
រថយន្ត Porsche Taycan ប្រភេទថោកបំផុតនេះ បើប្រៀបធៀបនឹងម៉ូដែល Taycan 4S គឺថោកជាងដល់ទៅ ២៣ ៩០០ដុល្លារ ប៉ុន្តែនៅតែថ្លៃជាង Tesla Model S Long Range ដែលមានតម្លៃចាប់ពី ៦៩ ៤២០ដុល្លារ។
រថយន្ត Taycan ប្រភេទ Base Model នេះមានបំពាក់ម៉ូទ័រអគ្គិសនីមួយ ដែលផ្តល់កម្លាំងទៅកង់ខាងក្រោយ និងអាចផលិតកម្លាំងបាន ៤០២សេះ អនុញ្ញាតឲ្យវាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៥,១វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ ២៣០គីឡូម៉ែត្រក្នុងមួយម៉ោង។
ថ្វីបើ Porsche មិនបានបង្ហាញពីចម្ងាយបើកបររបស់វាពី EPA ប៉ុន្តែម៉ូដែលនេះបានបំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ៧៩,២គីឡូវ៉ាត់ម៉ោងមកស្តង់ដារ។ ដោយឡែក នៅអឺរ៉ុបវាអាចបើកបានចម្ងាយ ៤៣០គីឡូម៉ែត្រ បើយោងតាម WLTP។
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើប៉ុណ្ណឹងនៅមិនទាន់គ្រប់ អ្នកក៏អាចអាប់ដេតឡើង Performance Battery Plus ដែលបំពាក់កញ្ចប់អាគុយធំជាង ៩៣,៤គីឡូវ៉ាត់ម៉ោង ហើយផ្តល់ចម្ងាយបើកបរដល់ ៤៨០គីឡូម៉ែត្រ ខណៈកម្លាំងរបស់វាក៏ឡើងដល់ ៤៦៩សេះ៕