រថយន្ត Nissan GT-R ជំនាន់ R35 បាននិងកំពុងតែមានលក់នៅលើទីផ្សារអស់រយៈពេលជាង ១០ឆ្នាំមកហើយ។ ទោះជាយ៉ាងណា ក្រុមហ៊ុន Nissan បានបញ្ជាក់ហើយថា អ្នកស្នងតំណែងរបស់វាកំពុងស្ថិតក្នុងការអភិវឌ្ឍ ប៉ុន្តែមិនបានបង្ហាញព័ត៌មានលម្អិតនោះទេ។
យ៉ាងណាមិញ គេហទំព័រជប៉ុន Best Car Web បានអះអាងថា រថយន្ត GT-R ជំនាន់ថ្មី R36 នឹងបង្ហាញខ្លួននៅចុងឆ្នាំ២០២២ ដោយការផ្លាស់ប្តូរមកប្រើម៉ាស៊ីនថ្មី។
យោងតាមការចុះផ្សាយរបស់គេហទំព័ររថយន្តខាងលើ ស្តង់ដារ CAFE (Corporate Average Fuel Economy) និងបទបញ្ញត្តិសំឡេងរំខាន កំពុងត្រូវបានដាក់ឲ្យប្រើប្រាស់នៅក្នុងប្រទេសជប៉ុន ក្នុងឆ្នាំ ២០២១ នេះ។ ដោយសារតែម៉ាស៊ីនចំណុះ ៣,៨លីត្រ twin-turbo V6 របស់ GT-R បច្ចុប្បន្នមិនត្រឹមត្រូវតាមស្តង់ដារ និងច្បាប់ទាំងនេះ ដូច្នេះហើយ GT-R ជំនាន់ថ្មីនឹងងាកមកប្រើម៉ាស៊ីន Hybrid វិញ។
គួរឲ្យដឹងថា រថយន្ត GT-R ជំនាន់ R36 ថ្មី នឹងគួបផ្សំម៉ាស៊ីនចំណុះ ៣,៨លីត្រ twin-turbo V6 បច្ចុប្បន្ន ជាមួយនឹងប្រព័ន្ធ Mild-hybrid ៤៨វ៉ុល, កញ្ចប់អាគុយ Hybrid មួយ និង ម៉ូទ័រអគ្គិសនីមួយ ដែលជួយដល់ដំណើរការវា ហើយកាត់បន្ថយកម្រិតស៊ីសាំង ក៏ដូចជាធ្វើឲ្យសំឡេងរបស់វាស្រាលជាងមុនផងដែរ៕