នៅមុនពេលចេញដំណើរផ្លូវឆ្ងាយម្តងៗម្ចាស់រថយន្តប្រាកដជាបានត្រួតពិនិត្យរថយន្តរបស់ខ្លួន ក្នុងនោះមានកំហូចខ្លះត្រូវបានជួសជុលរួចរាល់ប៉ុន្តែបញ្ហាខ្លះទៀត បានត្រឹមជួសជុលប្រើបណ្តោះអាសន្នសិន ហើយរោគសញ្ញា និងជំងឺផ្សេងៗទៀត ក៏នឹងលេចចេញឡើងតាមរយៈសញ្ញាឆេក ឬសញ្ញាព្រមាននានាក្នុងកុងទ័រនៅពេលធ្វើដំណើរផ្លូវឆ្ងាយ រួមមានដូចខាងក្រោម៖

១. បើចេញសញ្ញាឆេក មិនលោតភ្លឹបផ្លេតទេនោះ គឺជាសញ្ញាកំហូចពាក់ព័ន្ធនឹងសំបុកឃ្មុំ ឌុយស៊ីមាំង សេនស័រ Mass Airflow ឬលេចចំហាយសាំងជាដើម។
២. ចេញសញ្ញាឆេក និងលោតភ្លឹបផ្លេត គឺជាសញ្ញាព្រមានដែលអាចគុប៉េម៉ាស៊ីន ព្រោះវាពាក់ព័ន្ធនឹងប្រព័ន្ធបញ្ឆេះដូចជា ម៉ូប៊ីន និងប៊ូស៊ី។
៣. សញ្ញាសម្ពាធប្រេងម៉ាស៊ីន ដែលបង្ហាញពីកម្រិតប្រេងម៉ាស៊ីននៅសល់ទាប ដែលត្រូវឈប់រថយន្តភ្លាម មុនពេលម៉ាស៊ីនខូចធ្ងន់ធ្ងរ។
៤. សញ្ញាម៉ាស៊ីនឡើងកម្តៅខ្លាំង ឬកុងទ័រកម្តៅឡើងខ្ពស់ ដែលត្រូវបញ្ឈប់រថយន្តភ្លាមៗផងដែរ ដោយភាគច្រើនគឺពាក់ព័ន្ធនឹងប្រព័ន្ធទឹក។
៥. សញ្ញាព្រមានពីប្រព័ន្ធហ្វ្រាំង ដែលអាចបណ្តាលមកពីកម្រិតប្រេងហ្វ្រាំងទាប ឬកំហូចអ្វីមួយដែលប៉ះពាល់ដល់សមត្ថភាពចាប់ហ្វ្រាំងរថយន្ត ដោយត្រូវបញ្ឈប់រថយន្តភ្លាមៗផងដែរ។
៦. សញ្ញាអាគុយ ដែលបង្ហាញពីភាពមិនដំណើរការនៃប្រព័ន្ធសាករវាងឌីណាម៉ូ និងអាគុយ ដែលអាចឲ្យរថយន្តអស់អាគុយ និងរល់តម៉ាស៊ីនកណ្តាលផ្លូវ។
៧. សញ្ញាធុងសាំង ក៏អាចនឹងលេចចេញផងដែរ ប្រសិនបើអ្នកបើកបរដល់ជិតអស់សាំង ដើម្បីក្រើនរំលឹកឲ្យអ្នកត្រូវចាក់សាំងឲ្យហើយ ចៀសវាងរលត់កណ្តាលផ្លូវ។

មូលហេតុដែលនាំឲ្យមានសញ្ញាទាំងនេះ ក្នុងពេលបើកបរផ្លូវវឆ្ងាយ ដោយសារកំហូចខ្លះដូចជា សំបុកឃ្មុំ ចេញឆេក ដោយពេលខ្លះមិនបានជួសជុលរួចរាល់ ហើយលុបឆេកបណ្តោះអាសន្នសិន តែបើកបរដល់គីឡូម៉ែត្រវា គឺនឹងចេញឆេកមកដដែល។ ចំណែកករណីធ្ងន់ធ្ងរ ដូចជា រថយន្តបាត់ទឹក ឬបាត់ប្រេង បើជិះតែក្នុងក្រុងចម្ងាយខ្លី គឺមិនទាន់បាត់ដល់កម្រិតធ្ងន់ធ្ងរ តែពេលជិះផ្លូវឆ្ងាយ នឹងបាត់ទឹក ឬប្រេងច្រើនដល់កម្រិតទាបប៉ះពាល់ធ្ងន់ធ្ងរដល់ម៉ាស៊ីន។ ជារួម យើងអាចកត់សម្គាល់ពីពណ៌របស់សញ្ញាព្រមានទាំងនោះក្នុងកុងទ័រ ដែលមានដូចជា ក្រហម លឿង និងខៀវ។ ក្នុងនោះពណ៌ក្រហម បញ្ជាក់ពីកម្រិតធ្ងន់ធ្ងរត្រូវឈប់រថយន្តបន្ទាន់ ពណ៌លឿងជាសញ្ញាដាស់តឿន ឲ្យឆាប់យកចូលការ៉ាស់ និងពណ៌ខៀវ ជាសញ្ញាផ្តល់ព័ត៌មាន៕











