នាពេលថ្មីៗ ក្រុមហ៊ុន Peugeot បានបញ្ចេញរថយន្តអគ្គិសនីថ្មី ហៅថា “e-208” ជាផ្លូវការ។
រថយន្តប្រភេទ Hatchback រាងតូចច្រឡឹងនេះទទួលបានការរចនាឡើងវិញថ្មីសន្លាងតែម្តង។ ចំណែកឯផ្នែកខាងក្នុងវិញ ត្រូវបានរៀបចំ និងរចនាឲ្យកាន់តែទំនើប និងទាន់សម័យ ជាមួយនឹងការប្រើប្រាស់កុងទ័រឌីជីថល, Head-up Display និង អេក្រង់កម្សាន្ត Infotainment System ធំ ជាដើម។
Peugeot e-208 បានឈរលើគ្រោងឆ្អឹងថ្មី ដែលមានទម្ងន់ស្រាលជាងមុន ៣០ គីឡូក្រាម។ ជាមួយនឹងកម្លាំង ១៣៦ សេះ e-208 អាចធ្វើដំណើរបានរហូតដល់ទៅ ៣៣៨ គីឡូម៉ែត្រ រាល់ពេលសាកថ្មពេញម្តង។
ក្រុមហ៊ុន Peugeot បានបញ្ជាក់ថា វាត្រូវការពេល ២០ ម៉ោងដើម្បីសាកភ្លើងតាមរយៈខ្សែសាកធម្មតា និង ៨ ម៉ោងសម្រាប់ការសាកនៅស្ថានីយ។ មិនតែប៉ុណ្ណោះ ប្រសិនបើប្រើប្រាស់ខ្សែសាកល្បឿនលឿន ១០០ គីឡូវ៉ាត់ វាប្រើពេលត្រឹមតែ ៣០ នាទីប៉ុណ្ណោះដើម្បីសាកភ្លើង ៨០ ភាគរយ៕