ត្រឹមឆ្នាំ ២០៣០ មាន ៩០% នៃឡាន Aston Martin មានប្រើថាមពលអគ្គិសនី

លោក Tobias Moers នាយកប្រតិបត្តិក្រុមហ៊ុនរថយន្តអង់គ្លេស Aston Martin បាននិយាយថានៅត្រឹមឆ្នាំ ២០៣០ ចំនួន ៩០% នៃរថយន្តរបស់ខ្លួននឹងមានប្រើប្រាស់ថាមពលអគ្គិសនី។

ជាដំបូងរថយន្ត Aston Martin DBX ដែលជារថយន្ត SUV ដំបូងរបស់ម៉ាកមួយនេះ នឹងមានបន្ថែមនូវប្រភេទ PHEV (Plug-in Hybrid) នៅឆ្នាំ ២០២៣ បន្ទាប់មកនៅឆ្នាំ ២០២៥ នឹងមានការប្រកាសចេញរថយន្តប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធដំបូងបំផុតរបស់ Aston Martin។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោក Moers បានបន្ថែមថាវាប្រហែលវាមិនមែនមិនអាចទៅរួចនោះទេដែលថារថយន្តម៉ូដែលបច្ចុប្បន្នមានដូចជា Vantage, DB11 និង DBS Superleggera របស់ខ្លួនអាចនឹងមានបន្ថែមការប្រើប្រាស់ថាមពលអគ្គិសនី។ បច្ចុប្បន្ន Aston Martin កំពុងសិក្សាលើរថយន្តទាំងនេះ ថាតើមានឪកាសក្នុងការបន្ថែមការប្រើប្រាស់ថាមពលអគ្គិសនីបន្ថែមដែរឬយ៉ាងណា។

គួរដឹងថាកាលពីឆ្នាំ ២០១៩ ក្រុមហ៊ុន Aston Martin ធ្លាប់បានបង្ហាញចេញគម្រោងការរថយន្ត Sedan ប្រើថាមពលអគ្គិសនីសុទ្ធឈ្មោះថា Rapide E។ យ៉ាងណាក្ដីការអភិវឌ្ឍន៍លើរថយន្តនេះត្រូវបានបោះបង់ចោល ក្នុងពេលមិនដល់មួយឆ្នាំផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម