[ទីផ្សាររថយន្តក្នុងស្រុក] យើងទាំងអស់គ្នាប្រាកដជាស្គាល់ច្បាស់ហើយថា Tesla គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីល្បាញមួយនៅលើពិភពលោក។ ដោយឡែកសម្រាប់កម្ពុជាវិញ កាលពីប្រមាណ ១ខែកន្លងទៅនេះ ក៏មានការភ្ញាក់ផ្អើលផងដែរពីការនាំចូល រថយន្ត Tesla Model X ជាលើកដំបូង (ចុចទីនេះដើម្បីអានបន្ថែម)។ អ្វីដែលទទួលបាននូវការចាប់អារម្មណ៌យ៉ាងខ្លាំងនោះ គឺទៅលើបច្ចេកវិទ្យាដែលមានបំពាក់ និងជាពិសេសមុខងារ Autopilot ដោយគ្រាន់តែតម្លៃដើមរបស់វាមានតម្លៃ ១ម៉ឺនដុល្លារទៅហើយ។ យ៉ាងណាមិញ នៅថ្ងៃនេះកាន់តែបង្ករអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែការលេចរូបរាងនៃអគារមួយនៅលើដងមហាវិថី សហព័ន្ធរុស្សី ដែលមានឡូហ្គូរបស់ Tesla យ៉ាងធំ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នក្រុមហ៊ុនផ្លូវការ Tesla មានប្រមាណជិត ៤០ប្រទេសប៉ុណ្ណោះ ហើយក្នុងនោះសម្រាប់ប្រទេសសមាជិកអាស៊ានវិញ គឺមានតែសឹង្ហបុរីតែមួយគត់។
ហើយប្រសិនបើអគារនោះ ពិតជាក្រុមហ៊ុនលក់រថយន្ត Tesla មែន ប្រទេសកម្ពុជានឹងក្លាយជាប្រទេសអាស៊ានទី២ ដែលបាននាំចូលលក់រថយន្ត Tesla បន្ទាប់ពីប្រទេសសឹង្ហបុរី។ យើងនឹងរង់ចាំមើលទាំងអស់គ្នា ថាតើនោះពិតជាក្រុមហ៊ុនផ្លូវការរបស់ Tesla ឬយ៉ាងណា? បច្ចុប្បន្នក្រុមហ៊ុន Tesla មានម៉ូដែលផ្លូវការរបស់ខ្លួនចំនួន ៥ ប្រភេទ៖ Model S, Model 3, Model X, Model Y និងរថយន្តប្រភេទដឹក Cybertruck។