ក្រោយពីបានបង្ហាញចេញរថយន្ត Hummer EV SUV ស៊េរីឆ្នាំ ២០២៤ ជាផ្លូវការរួចហើយ នាពេលនេះក្រុមហ៊ុន GMC បានបង្ហាញរូបភាពថ្មីៗជាច្រើនទៀត រួមជាមួយដំណឹងលម្អិតបន្ថែមអំពីរថយន្តនេះផងដែរ។
រថយន្តនេះមានប្រវែង ៤៩៩៩ម.ម ដែលប្រវែងពីកង់មុខទៅកង់ក្រោយគឺ ៣២១៨ម.ម ដែលប្រវែងរបស់វាគឺខ្លីជាង Hummer EV ប្រភេទភីកអាប់ប្រមាណ ៥០៨ម.ម និងប្រវែងពីកង់មុខទៅកង់ក្រោយក៏ខ្លីជាង ២២៦ម.មផងដែរ។
រថយន្តនេះដែរនឹងមាននូវមុខងារ Power Station ដែលអាចឲ្យម្ចាស់រថយន្តប្រែក្លាយវាទៅជាអាគុយដ៏ធំមួយ អាចផ្ដល់ថាមពលរហូតដល់ ៣គីឡូវ៉ាត់ដល់ឧបករណ៍មួយចំនួនដូចជាអំពូលភ្លើង និងទូរទស្សន៍ដែលធ្វើឲ្យការបោះជំរំកាន់តែងាយស្រួល។ Power Station នេះក៏អាចសាកភ្លើងឲ្យរថយន្តអគ្គិសនីដទៃទៀតបានផងដែរ។
Option ភាគច្រើននៃរថយន្ត Hummer EV SUV ស៊េរីឆ្នាំ ២០២៤ នឹងមានបំពាក់អាគុយប្រភេទ Ultium ដែលអាចជិះបានចម្ងាយលើសពី ៤៨០គីឡូម៉ែត្រ។ GMC បានបញ្ជាក់ថាប្រភេទដែលថ្លៃជាងគេនៃរថយន្តនេះគឺមានបច្ចេកវិទ្យាសាកល្បឿនលឿនដល់ ៣០០គីឡូវ៉ាត់ម៉ោង ដែលអាចឲ្យបើកបរបានចម្ងាយប្រមាណ ១៦០គីឡូម៉ែត្រពេលសាកភ្លើងត្រឹម ១០នាទី។
បច្ចុប្បន្ននេះ GMC បានបើកទទួលការកក់រថយន្ត Hummer EV SUV ស៊េរីឆ្នាំ ២០២៤ ប៉ុន្តែសម្រាប់ប្រភេទ Edition 1 គឺមានម្ចាស់រួចអស់ហើយត្បិតថាវាមានតម្លៃចាប់ពី ១០៥ ៥៩៥ដុល្លារក្ដី។
ត្បិតថាខកខានទិញរថយន្ត Edition 1 ដែលផលិតមានកំណត់ ប៉ុន្តែនៅមានប្រភេទ 2X និង 3X ដែលពួកវាមានតម្លៃចាប់ពី ៨៩ ៩៩៥ដុល្លារ និងចាប់ពី ៩៩ ៩៩៥ដុល្លារ ចេញលក់នៅឆ្នាំ ២០២៣។ មួយទៀតគឺប្រភេទធូរថ្លៃជាងគេដែលមានតម្លៃ ៧៩ ៩៩៥ដុល្លារ ចេញលក់នៅឆ្នាំ ២០២៤៕