ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ បញ្ហាខ្វះបន្ទះឈីប អាចប៉ះពាល់ដល់ឡាន Mazda ប្រមាណ ១០ម៉ឺនគ្រឿង នៅឆ្នាំនេះ

បញ្ហាខ្វះបន្ទះឈីប អាចប៉ះពាល់ដល់ឡាន Mazda ប្រមាណ ១០ម៉ឺនគ្រឿង នៅឆ្នាំនេះ

កាលពីសប្តាហ៍មុន ក្រុមហ៊ុន Mazda Motor Corp បានឲ្យដឹងថា បញ្ហាខ្វះខាតបន្ទះឈីបអេឡិចត្រូនិក នឹងប៉ះពាល់ដល់រថយន្តរបស់ខ្លួន ប្រហែល ១០០ ០០០ គ្រឿងនៅទូទាំងពិភពលោក ក្នុងឆ្នាំ២០២១ នេះ។

ទោះជាយ៉ាងណា ក្រុមហ៊ុនផលិតរថយន្តជប៉ុនខាងលើបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុន Mazda នឹងប្រើប្រាស់ស្តុកដែលមានស្រាប់ ដើម្បីកាត់បន្ថយការប៉ះពាល់ មកសល់ត្រឹមប្រហែល ៧០ ០០០ គ្រឿង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា ការផ្លាស់ប្តូរទៅធ្វើការ និងរៀននៅឯផ្ទះ នៅទូទាំងពិភពលោក ក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩ បានជំរុញឲ្យមានតម្រូវការកុំព្យូទ័រយួរដៃ និងឧបករណ៍ផ្សេងទៀត ដែលធ្វើឲ្យមានកង្វះខាតបន្ទះឈីបទូទាំងពិភពលោកកាន់តែធ្ងន់ធ្ងរ។

ក្រុមហ៊ុនពិគ្រោះយោបល់ AlixPartners បាននិយាយថា បញ្ហានេះនឹងធ្វើឲ្យក្រុមហ៊ុនផលិតរថយន្តខាតបង់ចំណូល ចំនួន ១១០ ពាន់លានដុល្លារនៅឆ្នាំនេះ ពោលគឺកើនឡើងពីការប៉ាន់ស្មានចំនួន ៦១ ពាន់លានដុល្លារ ដោយព្យាករណ៍ថាវិបត្តិនេះនឹងជះឥទ្ធិពលដល់ការផលិតរថយន្តចំនួន ៣,៩ លានគ្រឿង។

សូមបញ្ជាក់ថា រថយន្តពឹងផ្អែកលើបន្ទះឈីបសម្រាប់ធ្វើអ្វីគ្រប់យ៉ាង ចាប់ពីការគ្រប់គ្រងម៉ាស៊ីន ដើម្បីសន្សំសំចៃប្រេងឥន្ធនៈ រហូតដល់មុខងារជំនួយការបើកបរ ដូចជា ប្រព័ន្ធហ្វ្រាំងបន្ទាន់ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម