Jaguar Land Rover កំពុងធ្វើការលើគំរូរថយន្ត Land Rover Defender ប្រើអ៊ីដ្រូហ្សែន (មានវីដេអូ)

ក្រុមហ៊ុនផលិតរថយន្តរបស់ចក្រភពអង់គ្លេស Jaguar Land Rover បានធ្វើការបង្ហាញថាខ្លួនកំពុងអភិវឌ្ឍន៍លើគំរូរថយន្ត Land Rover Defender ប្រើប្រាស់ថាមពលអ៊ីដ្រូហ្សែន។

ក្រុមហ៊ុនផលិតរថយន្តរបស់ចក្រភពអង់គ្លេសនេះ នឹងចាប់ផ្តើមធ្វើតេស្តសាកល្បងរថយន្តនៅចុងឆ្នាំនេះ ហើយក៏បានទទួលថវិកាមួយចំនួនពីមជ្ឈមណ្ឌលជំរុញកម្រិតខ្ពស់របស់រដ្ឋាភិបាលអង់គ្លេសក្នុងគម្រោង “Project Zeus” ដើម្បីធ្វើឱ្យរថយន្តនេះកើតឡើង។ JLR ក៏បានសហការជាមួយដៃគូ និងអ្នកផ្គត់ផ្គង់រួមមាន Delta Motorsport, AVL, Marelli Automotive Systems និងមជ្ឈមណ្ឌលឧស្សាហកម្មអាគុយរបស់អង់គ្លេសផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jaguar Land Rover សំដៅទៅលើយានយន្តនេះ ជារថយន្តគំរូពិសេសមួយ ហើយក៏ពុំទាន់មានបំណងណាមួយដែលថា ធ្វើឱ្យរថយន្តគំរូប្រើប្រាស់អ៊ីដ្រូហ្សែននេះ ក្លាយជាការពិតនោះទេ។ ទោះយ៉ាងណាក៏ដោយ IEA ជឿជាក់ថានៅឆ្នាំ ២០៣០ អាចមានរថយន្តអ៊ីដ្រូហ្សែន ១០ លានគ្រឿងនៅលើដងផ្លូវ និងស្ថានីយចាក់ជាង ១០ ០០០កន្លែង។

ការធ្វើតេស្តគំរូរថយន្ត Defender ប្រើប្រាស់អ៊ីដ្រូហ្សែន នឹងប្រព្រឹត្តទៅនៅចក្រភពអង់គ្លេស ដោយផ្ទៀងផ្ទាត់សមត្ថភាពយានយន្តនៅលើផ្លូវ Off-road និងការប្រើប្រាស់អ៊ីដ្រូហ្សែនរបស់វាផងដែរ។ Jaguar Land Rover មិនត្រឹមតែមានបំណងក្លាយជាអាជីវកម្មកាបូនសុទ្ធនៅឆ្នាំ ២០៣៩ ប៉ុណ្ណោះទេ ប៉ុន្តែនៅឆ្នាំ ២០៣៦ ក៏ចង់សម្រេចបាននូវការបំភាយឧស្ម័នសូន្យផងដែរ សម្រាប់រថយន្តរបស់ខ្លួន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម