ឡានដឹកទំនិញខ្នាតតូចលក់ដាច់បំផុតនៅអឺរ៉ុប ចេញស៊េរីឆ្នាំ២០២១ មានបច្ចេកវិទ្យាបើកស្វ័យប្រវតិ្តកម្រិត២

ក្រុមហ៊ុន Fiat បានប្រកាសចេញរថយន្តដឹកទំនិញខ្នាតតូច ម៉ូដែល Ducato ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ ដោយបានធ្វើការអាប់ដេតជារូបរាងរបស់វាជាលើកទី២ ក្នុងរយៈពេល ១៥ឆ្នាំមកនេះ។

Fiat Ducato គឺជារថយន្តដឹកទំនិញខ្នាតតូចដែលលក់ដាច់បំផុតនៅអឺរ៉ុបកាលពីឆ្នាំមុន សរុប ១៥០ ០០០គ្រឿងឯណោះ កើនឡើង ៨ភាគរយពីឆ្នាំ២០១៩។ ឥឡូវនេះ រថយន្ត Fiat Ducato មានបំពាក់ចង្កៀងមុខ និងអំពូលបំភ្លឺពេលថ្ងៃ LED ថ្មី ក៏ដូចជាប៉ាណាមុខ និងកាងមុខថ្មីផងដែរ។ Fiat ក៏បានបន្ថែមជម្រើសពណ៌ប្រផេះថ្មី ហៅថា Lanzarote Grey ទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្វីដែលជាការអាប់ដេតគួរឲ្យកត់សម្គាល់នោះគឺនៅកាប៊ីនខាងក្នុង។ Fiat Ducato ឆ្នាំ២០២១ មានបំពាក់មុខងារ Keyless Entry and Go, ហ្វ្រាំងដៃអេឡិចត្រូនិច, រន្ធ USB-A និង USB-C, រន្ធសាកភ្លើង ២៣០វ៉ុល និងកញ្ចក់មុខមានមុខងារកម្តៅទៀតផង។ មិនតែប៉ុណ្ណោះ វាមានបំពាក់កុងទ័រឌីជីថលសុទ្ធ ជាមួយអេក្រង់កម្សាន្តទំហំដល់ ១០អ៊ីញ ដែលអាចភ្ជាប់ជាមួយ Apple CarPlay និង Android Auto។

រថយន្ត Fiat Ducato ផ្តល់ជម្រើសជាច្រើនប្រភេទ ដូចជាកម្លាំង ១២០សេះ, ១៤០សេះ, ១៦០សេះ និង ១៨០សេះ ព្រមទាំងជម្រើសលេខដៃ និងលេខអូតូទៀតផង។

អ្វីដែលពិសេសនោះគឺ វាក៏បានបំពាក់បច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ កម្រិត២ ដោយក្នុងនោះរួមមានទាំងមុខងារ Adaptive Cruise Control with Stop & Go, Lane Keep Assist, Traffic Jam Assist, Cross-Wind Assist, Trailer Stability Control និង Active Park Assist ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម