ក្រោយពីបានបង្ហាញចេញរូបភាព Teaser កាលពីខែមេសារួចមក នាពេលនេះក្រុមហ៊ុន Mitsubishi បានប្រកាសចេញរថយន្តអគ្គិសនី Airtrek ស៊េរីឆ្នាំ២០២២ នៅក្នុងកម្មវិធី Auto Chongqing ដែលធ្វើឡើងនៅក្នុងប្រទេសចិន។
រថយន្តអគ្គិសនី Airtrek នេះគឺផលិតឡើងដោយក្រុមហ៊ុន GAC Mitsubishi Motors (GMMC) ដែលជាក្រុមហ៊ុនសហការគ្នារវាង Mitsubishi និងក្រុមហ៊ុនរថយន្តរបស់ចិន Guangzhou Automobile Corporation (GAC)។
រថយន្តនេះផងដែរបានផលិតឡើងដោយប្រើប្រាស់គ្រោងឆ្អឹង GEP 2.0 របស់ក្រុមហ៊ុន GAC ដែលបានប្រើប្រាស់លើរថយន្ត Aion V នាពេលកន្លងមក។
ទាក់ទងនឹងលក្ខណៈសម្បត្តិនៃគ្រឿងក្នុងរបស់រថយន្ត SUV អគ្គិសនីមួយនេះនៅមិនទាន់ឃើញមានការបង្ហាញចេញពីក្រុមហ៊ុននៅឡើយទេ ប៉ុន្តែរថយន្ត Aion V គឺមានបំពាក់ម៉ូទ័រអគ្គិសនីចំនួនមួយនៅប៉ុងខាងមុខ ដែលអាចផលិតកម្លាំងបាន ១៨១សេះ ហើយវាអាចបើកបរបានចម្ងាយចន្លោះពី ៥០០ ទៅ ៦៨០គីឡូម៉ែត្រ៕