ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២១នេះ ក្រុមហ៊ុនរថយន្តអង់គ្លេស Mini អាចលក់ចេញរថយន្តបានសរុបជិត ១៥៨ ០០០គ្រឿង ដែលមានកំណើន ៣២,៦% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ២០២០។
ក្នុងនោះដែរ រថយន្តដែលប្រើប្រាស់ម៉ូទ័រអគ្គិសនីគឺមានចំនួន ២៣ ៦៧០គ្រឿង ដែលស្មើនឹងប្រមាណ ១៥% នៃចំនួនលក់សរុប។ បើប្រៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ចំនួនលក់រថយន្តអគ្គិសនីរបស់ Mini មានកំណើនរហូតដល់ ១៧៥% ឯណោះ។
រថយន្តអគ្គិសនីដែលលក់ចេញច្រើនជាងគេគឺរថយន្ត Mini Cooper SE ដែលលក់បាន ១៣ ៤៥៤គ្រឿង ជារថយន្តប្រើអគ្គិសនីសុទ្ធដែលប្រកាសចេញកាលពីខែកញ្ញា ឆ្នាំ២០១៩។ រថយន្តនេះប្រើម៉ូទ័រអគ្គិសនីដែលផលិតកម្លាំងបាន ១៨៤សេះ និងអាចជិះបានចម្ងាយ ២៣៥គីឡូម៉ែត្រ។
បន្ថែមពីលើប្រភេទប្រើថាមពលអគ្គិសនីសុទ្ធនេះ ក្រុមហ៊ុនក៏បានបញ្ចេញរថយន្ត Cooper SE Countryman All4 ជាប្រភេទ Hybrid មានប្រើប្រាស់ម៉ាស៊ីនជាមួយម៉ូទ័រអគ្គិសនីដែលផលិតកម្លាំងបាន ២២០សេះផងដែរ។
រថយន្តជួយដល់បរិស្ថានទាំងពីរម៉ូដែល បានបញ្ជាក់អំពីការចាប់ផ្ដើមដ៏ជោគជ័យមួយលើផ្នែករថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Mini។ គួរដឹងថា Mini មានគោលដៅថានឹងក្លាយជាក្រុមហ៊ុនផលិតតែរថយន្តអគ្គិសនីសុទ្ធមួយមុខគត់ នៅត្រឹមឆ្នាំ២០៣០៕