វាមានរយៈពេលជិត ២ឆ្នាំមកហើយ ដែលរថយន្តភីកអាប់អគ្គិសនី Tesla Cybertruck បានបង្ហាញខ្លួនជាគំរូរថយន្ត។ កាលនោះ លោក Elon Musk បានអះអាងថា Cybertruck នឹងចេញលក់នៅក្នុងឆ្នាំ២០២១ ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់ឃើញផ្លែផ្កាឡើយ។
ថ្វីបើបែបនេះក្តី ប៉ុន្តែក្រុមហ៊ុន Tesla នៅតែទទួលបានចំនួនកក់ច្រើនសម្រាប់ Cybertruck។ របាយការណ៍ថ្មីមួយបានឲ្យដឹងថា រហូតមកទល់ពេលនេះ រថយន្ត Tesla Cybertruck មានគេកក់ចំនួន ១ ២៥៤ ៨៧២គ្រឿងបាត់ទៅហើយ បើគិតជាលុយគឺស្មើនឹង ៧៩ពាន់លានដុល្លារ បើអ្នកកក់ទាំងអស់ទិញរថយន្តនេះ។
វាជាចំនួនមួយដ៏គួរឲ្យភ្ញាក់ផ្អើលខ្លាំង នៅពេលដែលអ្នកពិចារណាថា ការឌីហ្សាញចុងក្រោយនៃភីកអាប់នេះ នៅមិនទាន់ត្រូវបានបង្ហាញនៅឡើយ។ ដោយឡែក បើប្រៀបធៀបជាមួយនឹងរថយន្តអគ្គិសនី Ford F-150 Lightning វិញ ទើបតែទទួលបានការកក់ចំនួន ១២០ ០០០គ្រឿងប៉ុណ្ណោះ ចាប់តាំងពីបង្ហាញខ្លួននៅខែឧសភាកន្លងមក។
គួរឲ្យដឹងថា រថយន្ត Cybertruck ប្រភេទមានប្រជាប្រិយភាពបំផុត គឺ Dual-Motor ដែលទទួលបានការកក់ដល់ ៤៨ភាគរយ។ វាអាចរត់បានចម្ងាយដល់ ៣០០ម៉ាយ៍ ឬ ៤៨០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង ហើយថែមទាំងអាច់រត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រ ប្រើពេលត្រឹមតែ ៤,៥វិនាទីប៉ុណ្ណោះ៕