ដឹងពីមុខងារគ្រឿងបង្គុំសំខាន់ៗ ដែលមានបំពាក់ក្នុងម៉ាស៊ីន | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] មិនថាយានយន្ត គ្រឿងចក្រ និងឧបករណ៍ប្រើប្រាស់ជុំវិញផ្ទះនោះទេ សុទ្ធសឹងតែត្រូវការថាមពលដើម្បីដំណើរការ ហើយថាមពលនោះទៀតសោតគឺជាផលដែលចេញ ពីដំណើរការរបស់ម៉ាស៊ីន ដែលប្រើប្រាស់ឥន្ធនៈ ឬថាមពលអគ្គិសនីជាប្រភព។ ជាការពិតណាស់ រថយន្តអាចដំណើរការទៅមុខបាន គឺដោយសារតែចំហេះឥន្ធនៈនៅក្នុងម៉ាស៊ីនផ្ដល់ជាថាមពលដើម្បីបង្វិលពីស្ដុង នៅក្នុងស៊ីឡាំង ហើយថាមពលទាំងនោះនឹងត្រូវបញ្ជូនទៅផ្នែកផ្សេងទៀត ដើម្បីឲ្យវាអាចអូសកង់ឲ្យវិល ធ្វើឲ្យរថយន្តមានចលនាបាន។ បើនិយាយពីគ្រឿងបង្គុំទូទៅរបស់ម៉ាស៊ីនវិញក៏មានច្រើន ដូចជា៖

១. ប៊ូស៊ី (Spark Plug)

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប៊ូស៊ីជាអ្នកបង្កើតផ្កាភ្លើងនៅក្នុងស៊ីឡាំងម៉ាស៊ីនរថយន្ត ដែលបង្កើតជាចំហេះរវាងឥន្ធនៈ និងខ្យល់បាន ហើយចំហេះនេះ គឺជាការផ្ទុះនៅក្នុងម៉ាស៊ីន សម្រាប់ផលិតថាមពល។ យ៉ាងណាមិញ ផ្កាភ្លើងត្រូវ ឲ្យចំពេលវេលាត្រឹមត្រូវ ស៊ីគ្នានឹងចលនារបស់ពីស្តុង ទើបម៉ាស៊ីនរថយន្តអាចដំណើរការបាន។

២. ស៊ូប៉ាប់ (Valve)

ស៊ូប៉ាប់ មានមុខងារសម្រាប់បិទ បើក (ស៊ូប៉ាប់ភ្លើងនិងស៊ូប៉ាប់ផ្សែង)នៅលើក្បាលគុយឡាស។នៅក្នុងពេលសមស្របមួយគឺដើម្បីឲ្យខ្យល់ និងឥន្ធនៈបន្ត​ហូរចូលក្នុងស៊ីឡាំង (ស៊ូប៉ាប់ខ្យល់) ហើយឲ្យផ្សែងក្រោយចំហេះចេញពីម៉ាស៊ីន (ស៊ូប៉ាប់ផ្សែង)។ ស៊ូប៉ាប់ទាំង ២ ប្រភេទនេះ នឹងត្រូវបិទនៅពេលចាប់ផ្ដើមមានចំហេះនៅក្នុងម៉ាស៊ីនដើម្បីឲ្យថាមពលបន្ទុះនោះស្ថិតក្នុងស៊ីឡាំង។

៣. ពីស្ដុង (Piston)

ពីស្តុងជាដុំបន្ទះដែក ដែលធ្វើចលនាពីផ្នែកលើ ទៅផ្នែកក្រោម (ឡើងលើចុះក្រោម ឬពីឆ្វេងទៅស្ដាំ) នៅក្នុងស៊ីឡាំង។

៤. ក្រវ៉ាត់ពីស្ដុង (Piston Ring)

ក្រវ៉ាត់ពីស្ដុង គឺចាបភ្ជាប់ជុំវិញពីស្ដុង ហើយវាជាអ្នកកកិតផ្ទាល់រវាងផ្នែកខាងក្រៅរបស់ពីស្ដុង និងផ្នែកខាងក្នុងរបស់ស៊ីឡាំង។ ក្រវ៉ាត់ពីស្ដុងមានមុខងារ ២ សំខាន់គឺ៖ វាការពារកុំឲ្យ ល្បាយខ្យល់-ឥន្ធនៈ និងផ្សែងចំហេះ ចេញពីក្នុងតួស៊ីឡាំងទៅក្នុងកាទែប្រេង នៅវគ្គបំណែន និងបន្ទុះនៅក្នុងម៉ាស៊ីន។វាការពារកុំឲ្យ ប្រេងបាតនៅក្នុងធុងលេចចូលទៅក្នុងតួស៊ីឡាំង នៅវគ្គបន្ទុះ ព្រោះវាអាចបណ្ដាលឲ្យឆាបឆេះម៉ាស៊ីនបាន។

៥. ប៊ីយ៉ែល (Connecting Rod)

ប៊ីយ៉ែលភ្ជាប់ពីស្ដុងទៅកាន់ វីឡឺប្រឹកាំង (crankshaft) ដើម្បីឲ្យពីស្ដុងអាចធ្វើចលនា សម្រាប់តាមការរង្វិលរបស់ វីឡឺប្រឹកាំងបាន។ វាមានមុខងារសម្រាប់ចម្លងចលនាពីពីស្តុងទៅកាន់វីឡឺប្រឺកាំង និងទ្រនៅកម្លាំងនៃបន្ទុះរបស់ចំហេះម៉ាស៊ីនបានត្រឹមត្រូវ។

៦. វីឡឺប្រឹកាំង (Crankshaft)

វីឡឺប្រឹកាំង គឺជារបារដែកមួយ ដែលភ្ជាប់ទៅនឹងពីស្ដុងដោយប៊ីយ៉ែល ហើយវាវិលចុះឡើង ដោយចលនាបន្ទុះរបស់ចំហេះដែលបានបង្វិលដោយពីស្តុង ។

៧. កាទែប្រេង (Sump or  Oil Pan)

កាទែប្រេង មានទីតាំងនៅជុំវិញវីឡឺប្រឹកាំង។ វាមាននាទីសម្រាប់ផ្ទុកប្រេង សម្រាប់ទៅរំអិលផ្នែកខាងក្នុងនៃម៉ាស៊ីន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម