Honda បានប្រកាសអំពីគោលដៅលក់ចេញរថយន្ត SUV អគ្គិសនីម៉ូដែល Prologue ឲ្យបានចំនួន ៧ម៉ឺនគ្រឿងជាប្រចាំឆ្នាំនៅក្នុងឆ្នាំ២០២៤ ជាឆ្នាំដែលរថយន្តនេះរំពឹងថានឹងចេញលក់លើទីផ្សារ។
SUV អគ្គិសនីនេះគឺជារថយន្តអគ្គិសនីមួយក្នុងចំណោមរថយន្តពីរដែល Honda គ្រោងដាក់លក់នៅសហរដ្ឋអាមេរិក ដែលវាប្រើប្រាស់នូវគ្រោងឆ្អឹងរថយន្តអគ្គិសនី Ultium របស់ក្រុមហ៊ុន General Motors។
តាមនោះដែរ Honda គ្រោងលក់រថយន្តប្រើប្រាស់ថាមពលអគ្គិសនីលាយឡំឲ្យបានសរុប ៥០ម៉ឺនគ្រឿងត្រឹមឆ្នាំ២០៣០ រួចហើយនៅត្រឹមឆ្នាំ២០៤០ ក្រុមហ៊ុនរសង្ឃឹមថារថយន្តបៃតងនឹងមានចំណែករហូតដល់ ១០០% នៃចំនួនលក់សរុបរបស់ខ្លួន។
បន្ទាប់ពីការប្រកាសចេញរថយន្ត Prologue លក់លើទីផ្សារ Honda ក៏មានគម្រោងប្រកាសចេញរថយន្តអគ្គិសនីជាច្រើនទៀតដែលប្រើប្រាស់គ្រោងឆ្អឹង e-Architecture របស់ខ្លួន ហើយបន្តបន្ទាប់ទៀតក្រុមហ៊ុននឹងប្រកាសចេញរថយន្តអគ្គិសនីសុទ្ធដោយប្រើគ្រោងឆ្អឹងនេះ ដែលនឹងផលិតឡើងនៅរោងចក្រនៅអាមេរិកខាងជើង៕