Honda បានឲ្យពិភពលោកឃើញអំពីការអភិវឌ្ឍន៍នៃប្រព័ន្ធបើកបរស្វ័យប្រវត្តិពាក់កណ្ដាល Level 3 និង Level 4 របស់ខ្លួននៅក្នុងកម្មវិធី ITS World Congress ឆ្នាំ២០២១ ដែលបានធ្វើឡើងនៅប្រទេសអាល្លឺម៉ង់។
ក្នុងកម្មវិធីនេះ Honda បានបង្ហាញបច្ចេកវិទ្យារបស់ខ្លួនតាមរយៈរថយន្តម៉ូដែល Legend ចំនួនបួនគ្រឿង ដែលក្រុមហ៊ុនបានឲ្យដឹងថាខ្លួនកំពុងតែស្ថិតនៅក្នុងដំណាក់កាលសាកល្បងមុខងារ “Traffic Jam Chauffeur” និងមុខងារ “Motorway Chauffeur” នៅអឺរ៉ុប។
Honda បានធ្វើតេស្តមុខងារទាំងពីរនៅលើទឹកដីអឺរ៉ុបក្នុងរយៈចម្ងាយ ២៥ ៩០០គីឡូម៉ែត្ររួចមកហើយ ដែលបច្ចេកវិទ្យាទាមងពីរនេះគឺធ្វើការសង្កេតមើលស្ថានភាពចរាចរណ៌លើដងផ្លូវ ដើម្បីអាចកាន់កាប់ចង្កូតរថយន្តពេញទីនៅពេលដែលប្រព័ន្ធគិតថាមានសុវត្ថិភាព។
រថយន្ត Honda Legend Hybrid EX ដែលដាក់លក់នៅជប៉ុន មានបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ Level 3 ដែលអាចឲ្យអ្នកបើកបរលែងដៃបាន ប៉ុន្តែ Honda មានបំណងចង់អភិវឌ្ឍន៍បច្ចេកវិទ្យានេះបន្ថែមទៀត។
កន្លងមក Honda បានបណ្ដាក់ទុនយ៉ាងធំលើការស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ ហើយកាលដើមឆ្នាំក្រុមហ៊ុនបានប្រកាសពីផែនការលុបបំបាត់គ្រោះថ្នាក់ចរាចរណ៌ធ្ងន់ដែលកើតមានឡើងដោយជាប់ពាក់ព័ន្ធរថយន្ត Honda នៅលើសកលលោក ដែលមានបំណងសម្រេចឲ្យបាននៅត្រឹមឆ្នាំ ២០៥០៕