ក្រុមហ៊ុន Honda បានប្រកាសពីមហិច្ឆតាធំមួយសម្រាប់ទីផ្សារប្រទេសចិន ដោយមានគោលដៅលក់តែរថយន្តអគ្គិសនីសុទ្ធនៅលើទីផ្សារនេះចាប់ពីឆ្នាំ២០៣០តទៅ ហើយក្រុមហ៊ុនក៏គ្រោងប្រកាសចេញរថយន្តអគ្គិសនីថ្មីចំនួន១០ ក្នុងរយៈពេល៥ឆ្នាំសម្រាប់ទីផ្សារនេះទៀតផង។
ដើម្បីសម្រេចតាមគោលដៅនេះបាន ចាប់ពីឆ្នាំ២០៣០តទៅ Honda នឹងលែងប្រកាសចេញរថយន្តប្រើសាំងស៊េរីថ្មីទៀតហើយ និងធ្វើឲ្យរថយន្តថ្មីដែលដាក់លក់លើទីផ្សារក្លាយជាប្រភេទអគ្គិសនីទាំងអស់។
Honda នឹងប្រើប្រាស់ឈ្មោះ “e:N Series” សម្រាប់ដាក់ឲ្យរថយន្តអគ្គិសនីដែលលក់នៅប្រទេសចិន ដោយចាប់ផ្ដើមពីរថយន្ត e:NS1 និងរថយន្ត e:NP1។ រថយន្តអគ្គិសនីថ្មីៗនឹងផលិតឡើងដោយក្រុមហ៊ុន Dongfeng Honda និង GAC Honda ដែលក្រុមហ៊ុនមានគម្រោងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីក្នុងឆ្នាំ២០២៤ និងមានការនាំចេញរថយន្ត e:N Series ទៅកាន់ទីផ្សារដទៃទៀតផងដែរ។
គួរដឹងថាទីផ្សាររថយន្តអគ្គិសនីនៅប្រទេសចិនកំពុងតែរីកចម្រើនខ្លាំង ដោយចំនួនលក់រថយន្តអគ្គិសនី និងរថយន្ត PHEV នៅប្រទេសនេះកាលពីខែកញ្ញាគឺមានកំណើន ២០២% ធៀបនឹងឆ្នាំមុន ជាមួយចំនួនលក់ចេញសរុប ៣៣៤ ០០០គ្រឿង៕