ក្រុមហ៊ុន Tesla បានបង្ហាញចេញនូវរថយន្តភីកអាប់អគ្គិសនី Cybertruck កាលពីជិត ២ឆ្នាំមុន ហើយក្រុមហ៊ុននេះបានពន្យាពេលចេញលក់រហូតដល់ឆ្នាំ២០២២។
ជាលទ្ធផល គូប្រជែងរបស់ Cybertruck ដូចជា Rivian R1T និង GMC Hummer EV នឹងចេញលក់មុន ព្រមទាំងម៉ូដែល Ford F-150 Lightning ផងដែរ។
បើទោះបីជា Tesla នឹងមកក្រោយគេមែន ប៉ុន្តែថ្មីៗនេះគេប្រមាញ់បានគំរូរថយន្ត Cybertruck កំពុងធ្វើតេស្ត ដោយមានបំពាក់កញ្ចក់មើលចំហៀង និងផ្លិតទឹក ខណៈកាលបង្ហាញខ្លួនដំបូងគឺគ្មានរបស់ ២ យ៉ាងនោះទេ។
ជាមួយនឹងការបំពាក់របស់ចាំបាច់សម្រាប់រថយន្តបែបនេះ វាបានបញ្ជាក់ថា ភីកអាប់ Cybertruck គឺកំពុងខិតជិតដល់ការផលិតហើយ។ ក្រៅពីនោះ យើងក៏អាចមើលឃើញវាមានបំពាក់យ៉ាន់កង់ធម្មតា និង អំពូលកាត់អ័ព្ទទៀតផង។ ចំណែកឯការឌីហ្សាញនៅកន្លែងផ្សេងទៀត គឺដូចមុនទាំងអស់។
គួរឲ្យដឹងដែរថា រថយន្តភីកអាប់ Tesla Cybertruck ត្រូវបានកំណត់តម្លៃដើម ៣៩ ៩០០ដុល្លារ សម្រាប់ប្រភេទប៉ុងក្រោយ និង ៤៩ ៩០០ដុល្លារ សម្រាប់ប្រភេទប៉ុងពីរ។ ចំណែកឯប្រភេទប្រើម៉ូទ័រអគ្គិសនី ៣ គ្រឿង និងប្រើប៉ុងពីរ មានតម្លៃ ៦៩ ៩០០ដុល្លារ៕