គំរូរថយន្តអគ្គិសនី bZ4X ត្រូវបានក្រុមហ៊ុន Toyota បង្ហាញចេញដំបូងពីខែ មេសាកន្លងទៅ នាពេលនេះសមាជិកដំបូងនៃរថយន្តអគ្គិសនីត្រកូល bZ ត្រូវបានក្រុមហ៊ុន Toyota បង្ហាញចេញជាផ្លូវការ។
រថយន្តអគ្គិសនី bZ4X ត្រូវបានរំពឹងថានឹងចាប់ផ្តើមសង្វាក់ផលិតកម្មដំបូងនៅក្នុងប្រទេសជប៉ុន នៅពាក់កណ្តាលឆ្នាំ២០២២ ជាមួយការប្រើប្រាស់នូវគ្រោងឆ្អឹងថ្មី e-TNGA និងប្រភេទប៉ុងមួយ និងប៉ុងពីរ។
សម្រាប់រថយន្ត bZ4X ប្រភេទ FWD ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួនមួយនៅផ្នែកខាងមុខ ដែលអាចផលិតកម្លាំងបាន ២១៥សេះ និងអាចស្ទុះពីកុងទ័រ ០-១០០គ.ម/ម៉ ប្រើពេល ៨,៤វិនាទី។ រីឯប្រភេទ AWD ដំណើរការដោយម៉ូទ័រអគ្គិសនីភ្លោះមួយ ដែលអាចផលិតកម្លាំងបាន ២០១សេះ និងអាចស្ទុះពីកុងទ័រ ០-១០០គ.ម/ម៉ ប្រើពេល ៧,៧វិនាទី។
ជាមួយថាមពលទាំងនេះ វាទទួលបានពីអាគុយលីដ្យូមទំហំ ៧១,៤គីឡូវ៉ាត់ម៉ោង ដែលអាចជួយអោយវាបើកបរបានចម្ងាយ ៥០០គីឡូម៉ែត្រ សម្រាប់ប្រភេទ FWD និងចម្ងាយ ៤៦០គីឡូម៉ែត្រសម្រាប់ប្រភេទ AWD នៅពេលសាកភ្លើងពេញម្តង។ បន្ថែមពីនេះ វាក៏គាំទ្រនូវការសាកថ្មល្បឿនលឿន ដែលមានដុំសាក AC កម្លាំង ៦,៦គីឡូវ៉ាត់ និង DC កម្លាំង ១៥០គីឡូវ៉ាត់ ជួយអោយការសាកថ្មកើនដល់ចំនួន ៨០ភាគរយ ប្រើពេលត្រឹម ៣០នាទីប៉ុណ្ណោះ។
លើសពីនេះ ក្រុមហ៊ុន Toyota ក៏បានអះអាងថាអាគុយរថយន្តនៅតែអាចកាន់ថាមពលបាន ៩០ភាគរយ បន្ទាប់ពីបានប្រើប្រាស់ រយៈពេល ១០ឆ្នាំ ឬចម្ងាយ ២៤០ ០០០គីឡូម៉ែត្រហើយ។
សូមបញ្ជាក់ផងដែរថា រថយន្ត Toyota bZ4X ឆ្នាំ២០២៣ នឹងធ្វើចេញលក់នៅលើទីផ្សារទូទាំងពិភពលោកនៅពាក់កណ្តាលឆ្នាំ២០២២ និងអមដោយរថយន្តអគ្គសនីត្រកូល bZ ចំនួន ៦ម៉ូឌែលទៀតនៅឆ្នាំ២០២៥៕