Nissan Ariya ចេញតម្លៃលក់សម្រាប់ទីផ្សារអាមេរិក ចាប់ពីជាង៤ម៉ឺនដុល្លារ

Nissan បានប្រកាសចេញតម្លៃសម្រាប់រថយន្ត Ariya ដែលជារថយន្តអគ្គិសនីសុទ្ធ ដោយតម្លៃសម្រាប់ទីផ្សារសហរដ្ឋអាមេរិកគឺមានចាប់ផ្ដើមពី ៤៥ ៩៥០ដុល្លារ សម្រាប់ Venture+ FWD ដែលជាតម្លៃមិនទាន់គិតបញ្ចូលថ្លៃដឹកជញ្ជូន ១ ១៧៥ដុល្លារ។

ការកក់រថយន្ត Ariya បានបើកទទួលចាប់ពីថ្ងៃនេះ ដោយក្នុងចំណោមអ្នកកក់ចំនួន ១ម៉ឺនគ្រឿងដំបូង​មុនថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ នឹងទទួលបាន​ឈ្មោះជាសមាជិក EVgo ចំនួន២ឆ្នាំ និង​បណ្ណ័សាកភ្លើងតម្លៃ ៥០០ដុល្លារ ដែលស្មើនឹងចម្ងាយបើកបរប្រមាណ ៨ ០៤៧គ.ម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Ariya ប្រភេទ Venture+ FWD ដែលលក់នៅសហរដ្ឋអាមេរិកមានប្រើអាគុយចំណុះ ៨៧គីឡូវ៉ាត់ម៉ោង ដែលវាបញ្ចូនកម្លាំងទៅកាន់ម៉ូទ័រអគ្គិសនីចំនួនមួយ ដែលម៉ូទ័រអាចផលិតកម្លាំងបាន ២៣៨សេះ។ Nissan រំពឹងថារថយន្តអគ្គិសនីរបស់ខ្លួននឹងអាចបើកបរបានដល់ចម្ងាយ ៤៨៣គីឡូម៉ែត្រពេលសាកភ្លើងពេញ។

រថយន្ត Ariya នេះក៏មានជាជម្រើសផ្សេងទៀតផងដែរ ដូចជា Evolve+ FWD, Premiere FWD និងប្រភេទ Platinum+ e4ORCE AWD ផងដែរ ដែលប្រភេទថ្លៃជាងគេគឺមានតម្លៃចាប់ពី ៥៨ ៩៥០ដុល្លារ។

ការដឹកជញ្ជូនរថយន្ត Ariya រំពឹងថានឹងចាប់ផ្ដើមនៅក្នុងឆ្នាំ២០២២ ដោយចាប់ផ្ដើមជាមួយប្រភេទ FWD និងបន្តមកគឺប្រភេទ AWD ហើយ​គេរំពឹងថា Nissan នឹងបង្ហាញចេញ Option បន្ថែមផ្សេងទៀតនៅថ្ងៃខាងមុខផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម