[ទីផ្សារបរទេស] យោងទៅតាមរបាយការណ៍ពី Nikkei Asia ក្រុមហ៊ុន Mazda , Toyota និង Subaru នឹងចាប់ផ្តើមបញ្ចូលបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិទៅក្នុងម៉ូដែលផ្សេងៗ ។ បច្ចុប្បន្ននេះ បច្ចេកវិទ្យាបើកបរដោយស្វ័យប្រវតិ្ត (self-driving technology) បានបែងចែកជា៥កម្រិត ដែលកម្រិតទី៥ មិនចាំបាច់បញ្ជាដោយមនុស្សទេ ដោយប្រព័ន្ធអាចគ្រប់គ្រង់រថយន្តដោយខ្លួនឯង ខណៈកម្រិតទី២ ជួយឲ្យរថយន្តគ្រប់គ្រង់ចង្កូត ការបង្កើន/បន្ថយល្បឿន ប៉ុន្តែនៅតែត្រូវការបញ្ជាពីអ្នកបើកបរ។
ទោះបីជាក្រុមហ៊ុនផលិតរថយន្តទាំងអស់មិនមានភាពភ្ញាក់ផ្អើលនៃបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិក៏ដោយ ក៏ក្រុមហ៊ុន Waymo ដែលជាក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិនៅសហរដ្ឋអាមេរិកដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Alphabet Corporation របស់ Google មានមោទកភាពដែលទទួលបានជោគជ័យក្នុងការអភិវឌ្ឍនៃបច្ចេកវិទ្យាកម្រិតទី៤ និងកំពុងដំឡើងទៅដល់កម្រិតទី៥ផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ការបើកបរដោយខ្លួនឯងកម្រិតទី ៤ គឺមានដែនកំនត់នៅក្នុងប្រទេសជប៉ុន ដែលធ្វើឱ្យកម្រិត ២ និង ៣ ជាការផ្តោតសំខាន់ក្នុងការអភិវឌ្ឍន៍ម៉ូដែលនៅទីនោះ។ យោងតាមវិទ្យាស្ថានស្រាវជ្រាវ Yano នៅទីក្រុងតូក្យូ នៅឆ្នាំ ២០៣០ ៦២% នៃរថយន្តដែលបើកបរដោយខ្លួនឯងនៅក្នុងប្រទេសជប៉ុននឹងសម្រេចបាននៅប្រព័ន្ធបើកបរដោយខ្លួនឯងកម្រិត ២ ។
ក្នុងឆ្នាំនេះក្រុមហ៊ុន Toyota នឹងបំពាក់ជាមួយបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិកម្រិត២ លើម៉ូដែល Crown ដ៏ទំនើបរបស់ខ្លួន ។ ខណៈបច្ចុប្បន្ននេះ បច្ចេកវិទ្យាគឹមានប្រើតែនៅលើរថយន្តដើរដោយថាមពលអាគុយ Lexus និង Toyota Mirai Premium sedan ប៉ុណ្ណោះ ។ ក្នុងនោះក្រុមហ៊ុនក៏មានគម្រោងបន្ថែមបច្ចេកវិទ្យានេះទៅលើម៉ូដែល mid-range ដូចជា Corolla ផងដែរ ។
ក្រុមហ៊ុន Mazda កំពុងផ្តល់នៅការបើកបរដោយស្វ័យប្រវត្តិកម្រិត២ និង ៣ នៅក្នុងរថយន្តប្រភេទ SUV ខ្នាតកណ្តាល និង Sedan របស់ខ្លួនផងដែរក្នុងឆ្នាំនេះ ។ ស្រដៀងគ្នានេះដែរ ក្រុមហ៊ុន Subaru បានប្រកាសម៉ូដែលទាំងអស់ដែលបានលក់ក្នុងពិភពលោកនឹងមានប្រព័ន្ធបើកបរដោយស្វ័យប្រវតិ្តកម្រិត២ ជាមួយល្បឿនដល់ ៥០ គីឡូម៉ែត្រ/ម៉ោង ៕