ពេញមួយឆ្នាំ២០២១ Tesla លក់ឡានបានជាង ៩០ម៉ឺនគ្រឿង កើនឡើងជិត ៩០% ធៀបនឹង២០២០

[ទីផ្សាររថយន្តបរទេស] ក្រុមហ៊ុនរថយន្ត Tesla អាចលក់ចេញរថយន្តបានសរុប ៩៣៦ ១៧២គ្រឿង នៅពេញមួយឆ្នាំ២០២១នេះ ដែលមានការកើនឡើងរហូតដល់ ៨៧% បើធៀបនឹងឆ្នាំ២០២០ ដែលពេលនោះលក់ចេញបានសរុប ៤៩៩ ៦៤៧គ្រឿង។

តួលេខចេញដោយ Tesla បានបង្ហាញថាពេញមួយឆ្នាំ២០២១ ក្រុមហ៊ុនផលិតរថយន្ត Model S និង Model X បានចំនួន ២៤ ៣៩០គ្រឿង ខណៈដែលលក់ចេញបានចំនួន ២៤ ៩៦៤គ្រឿង។ ចំណែករថយន្ត Model 3 និង Model Y អាចផលិតបានសរុប ៩០៦ ០៣២គ្រឿង ជាមួយរថយន្តចំនួន ៩១១ ២០៨គ្រឿង បានទៅដល់ដៃអតិថិជន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះត្រីមាសទីបួននៃឆ្នាំ២០២១ បានក្លាយជាត្រីមាសដ៏ជោគជ័យមួយ ដោយ Tesla អាចផលិតរថយន្តបាន ៣០៥ ៨៤០គ្រឿង និងមានរថយន្តចំនួន ៣០៨ ៦០០គ្រឿងបានដឹកជញ្ជូនដល់អតិថិជន ដែលតួលេខនេះគឺបានយកឈ្នះកំណត់ត្រាល្អបំផុតដែល Tesla ទើបសាងបានកាលពីត្រីមាសទីបីនៃឆ្នាំ២០២១ដូចគ្នា។

នៅក្នុងឆ្នាំ២០២២នេះ គេរំពឹងថា Tesla នឹងបន្តពង្រីកការផលិតកាន់តែច្រើនថែមទៀត ក្រោយពីរោងចក្រនៅរដ្ឋតិចសាស និងរោងចក្រនៅអាល្លឺម៉ង់ចាប់ផ្ដើមការផលិតរថយន្ត Model Y។ រោងចក្រនៅតិចសាសរំពឹថានឹងចាប់ផ្ដើមការផលិតរថយន្ត Cybertruck នៅក្នុងឆ្នាំ២០២៣៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម