រថយន្ត BMW iNext ដែលគេទន្ទឹងរង់ចាំជាយូរនោះ នឹងត្រូវចូលក្នុងសង្វាក់ផលិតកម្មផលិតនៅក្នុងឆ្នាំ ២០២១ ខាងមុខ។
រថយន្ត SUV អគ្គិសនីថ្មីសន្លាងរបស់ BMW នឹងប្រើប្រាស់គ្រោងឆ្អឹងដូចជារថយន្តប្រើម៉ាស៊ីនសាំង ម៉ាស៊ីនម៉ាស៊ូត Plug-in Hybrid និងរថយន្តប្រើថាមពលអគ្គិសនីសុទ្ធ។ BMW អះអាងថា iNext អាចនឹងជិះបានចម្ងាយ ៧០០ គ.ម ពេលសាកមួយពេញ ប៉ុន្តែនៅដើមឆ្នាំនេះក្រុមហ៊ុនបានបន្ថយការប៉ាន់ស្មានរបស់ខ្លួននៅត្រឹម ៦០០ គ.ម។ ប៉ុន្តែតាមការចុះផ្សាយរបស់ Auto Express បានបញ្ជាក់ថាតួលេខជាក់ស្ដែងទំនងជា ៥៧៩ គ.ម ប៉ុណ្ណោះ។
បន្ថែមពីនេះ iNext អាចនឹងបញ្ចេញលក់ជាមួយបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិជំនាន់ចុងក្រោយបំផុត ដែលផលិតឡើងដោយ BMW។ បើតាមរូបភាពថតបានកាលពីថ្មីនេះ បង្ហាញថា iNext នឹងមានទំហំស្រដៀងនឹង BMW X5 នាពេលបច្ចុប្បន្ននេះដែរ ហើយវាអាចនឹងមានឈ្មោះថា i5 ពេលចេញលក់ក៏ថាបាន៕