[ទីផ្សាររថយន្តបរទេស] យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Tesla Inc មានបំណងចាប់ផ្តើមការផលិតដំបូងនៃភីកអាប់អគ្គីសនី Cybertruck របស់ខ្លួន នៅចុងត្រីមាសទី១ ឆ្នាំ ២០២៣ ដោយរុញច្រានផែនការរបស់ខ្លួន ក្នុងការចាប់ផ្តើមផលិតកម្មនៅចុងឆ្នាំនេះ។
ប្រភពដដែលបានឲ្យដឹងទៀតថា ការពន្យាពេលនេះបានកើតឡើងនៅពេលដែលក្រុមហ៊ុន Tesla កំពុងផ្លាស់ប្តូរលក្ខណៈពិសេស និងមុខងាររបស់រថយន្តភីកអាប់អគ្គិសនី Cybertruck ដើម្បីធ្វើឲ្យវាក្លាយជាផលិតផលដ៏គួរឲ្យទាក់ទាញ ខណៈដែលការប្រកួតប្រជែងកើនឡើងកាន់តែខ្លាំងនៅក្នុងផ្នែកនេះ។
ក្រុមហ៊ុន Tesla ត្រូវបានគេរំពឹងថា នឹងផលិតរថយន្ត Cybertruck ក្នុងចំនួនមានកំណត់នៅក្នុងត្រីមាសទី១ នៃឆ្នាំ ២០២៣ មុនពេលបង្កើនចំនួនផលិតរបស់ខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយ Tesla មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។
Tesla ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីកំពូលរបស់ពិភពលោក ផលិតរថយន្តអគ្គិសនី SUV និងរថយន្តស្ព័រ ប៉ុន្តែបានខកខានលើផ្នែករថយន្តភីកអាប់ ដែលអាចរកប្រាក់ចំណេញច្រើន និងកំពុងពេញនិយមយ៉ាងខ្លាំងនៅអាមេរិក៕