[ទីផ្សារបរទេស] ការផលិតរថយន្តនៅចក្រភពអង់គ្លេសកាលពីឆ្នាំមុន បានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ១៩៥៦ នេះបើយោងតាមតួលេខពីសមាគមក្រុមហ៊ុនផលិត និងពាណិជ្ជករ “Society of Motor Manufacturers and Traders (SMMT)”។
SMMT បាននិយាយថា តួលេខនេះគឺគួរឲ្យសង្វេគខ្លាំងណាស់ ហើយភាគច្រើនដោយសារតែកង្វះបន្ទះមីក្រូឈីបជាសកល និងការរំខានដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ១៩។
ទោះបីជាយ៉ាងណាក៏ដោយ សមាគមខាងលើបានបន្ថែមឲ្យដឹងទៀតថា នៅតែមានសុទិដ្ឋិនិយមសម្រាប់អនាគតជាមួយនឹងការប្រកាសនៃការវិនិយោគថ្មី ដែលមានតម្លៃជិត ៥ពាន់លានផោន។ ប៉ុន្តែវាបានព្រមានថា ការចំណាយថាមពលខ្ពស់ អាចជាបញ្ហាប្រឈមសម្រាប់អ្នកផលិតរថយន្តនៅឆ្នាំនេះ។
យ៉ាងណាមិញ ក្តីសង្ឃឹមថាការផលិតរថយន្តនឹងងើបឡើងវិញនៅឆ្នាំ ២០២១ ត្រូវបានខកចិត្តយ៉ាងខ្លាំង។ យោងតាមតួលេខរបស់ SMMT មានតែរថយន្តថ្មីតិចជាង ៨៦០ ០០០ គ្រឿងប៉ុណ្ណោះ បានចាកចេញពីរោងចក្រនៅចក្រភពអង់គ្លេស កាលពីឆ្នាំមុន។
ចំនួននោះគឺតិចជាងឆ្នាំ ២០២០ ទៅទៀត នៅពេលដែលកើតមានរលកដំបូងនៃជំងឺកូវីដ១៩ និងការបិទខ្ទប់ដែលបង្ខំឲ្យរោងចក្រជាច្រើនបិទ។ ផលិតកម្មកាលពីឆ្នាំមុន គឺ ៦,៧% ទាបជាងឆ្នាំ ២០២០ ហើយ ៣៤% ក្រោមកម្រិតមុនពេលមានជំងឺកូវីដ១៩៕
ប្រភព ៖ BBC