គួរឲ្យស្តាយ! ឡាន Chevrolet តម្លៃ ១ម៉ឺនដុល្លារស្តើង នឹងត្រូវបញ្ចប់ជីវិតហើយ

[ទីផ្សារបរទេស] រថយន្ត Chevrolet Spark បានឈានដល់ទីបញ្ចប់នៃជីវិតរបស់វា នៅលើដងផ្លូវនៃអាមេរិក បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តនេះបានបញ្ជាក់ថា ផលិតកម្មនៃរថយន្តប្រភេទ Hatchback តម្លៃសមរម្យខាងលើ នឹងត្រូវបញ្ចប់នៅរដូវក្តៅនេះតែម្តង។

យោងតាមប្រភពព័ត៌មានច្បាស់ការណ៍បានឲ្យដឹងថា ផលិតកម្មនៃរថយន្ត Chevrolet Spark នឹងត្រូវបន្តដល់ខែសីហា ឆ្នាំ២០២២ ហើយវានឹងលែងមានបន្តទៀតក្នុងត្រកូលរថយន្ត Chevrolet។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា Chevrolet Spark គឺជារថយន្តដែលមានតម្លៃធូរថ្លៃបំផុតនៅអាមេរិក ជាមួយនឹងតម្លៃខ្លួនចាប់ពី ១៣ ៦០០ដុល្លារ។ ការសម្លាប់រថយន្តខាងលើមានន័យថា រថយន្ត Chevrolet Trax នឹងក្លាយជាម៉ូដែលធូរថ្លៃបំផុតជំនួសវិញ ជាមួយនឹងតម្លៃខ្លួនចាប់ពី ២១ ៤០០ដុល្លារ។

យ៉ាងណាមិញ ការបញ្ឈប់ផលិតកម្មនៃរថយន្ត Chevrolet Spark មិនមែនជារឿងចម្លែក និងគួរឲ្យភ្ញាក់ផ្អើលអ្វីនោះទេ ដោយសារតែចំនួនលក់នៃរថយន្តនេះមានតិចតួចបំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងនោះ Chevrolet បានលក់ដាច់រថយន្ត Spark ចំនួនត្រឹមតែ ២៤ ៤៦០គ្រឿងប៉ុណ្ណោះ នៅសហរដ្ឋអាមេរិក កាលពីឆ្នាំមុន ថយចុះពី ៣៣ ៤៨០គ្រឿង កាលពីឆ្នាំ២០២០៕

ប្រភព ៖ carscoops

ផ្ទាំងផ្សាយពាណិជ្ជកម្ម